កីឡាការិនីវាយតឺន្នីសអាមេរិក Jessica Pegula បានបង្កើតនូវជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីផ្តួលកីឡាការិនីលំដាប់ទី៥ Elina Svitolinaនិងបានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Australian Open នៅទីក្រុង Melbourne ។
កីឡាការិនីលេខ៦១ពិភពលោក Jessica Pegula បានឈ្នះគូប្រកួតក្នុងលទ្ធផល ៦-៣ ៣-៦ ៦-៣ នៅលើទីលាន Rod Laver Arena ដើម្បីឡើងដល់វគ្គ៨ចុងក្រោយនៃកម្មវិធី Grand Slam ជាលើកដំបូង។ កីឡាការិនីវ័យ២៦ឆ្នាំរូបនេះនឹងត្រូវប៉ះជាមួយមិត្តរួមជាតិអាមេរិក Jennifer Brady ដែលបានយកឈ្នះក្រូអាត Donna Vekic ក្នុងលទ្ធផល ៦-១ ៧-៥ ដែរ។
កីឡាការិនី Jessica Pegula បាននិយាយថា “ខ្ញុំមានអារម្មណ៍ល្អ និងអារម្មណ៍រឹងមាំ ដូច្នេះខ្ញុំនឹងយកវាទៅប្រកួតបន្ទាប់។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលខ្ញុំប្រកួតបានល្អ”។
ដោយឡែកការប្រកួតរវាងកីឡាការិនីលំដាប់កំពូល Ashleigh Bartyជួបជាមួយកីឡាការិនីអាមេរិក Shelby Rogers នឹងត្រូវប្រកួតនៅថ្ងៃទី១៦ កុម្ភៈនេះ។ ការប្រកួតនេះនឹងមានការផ្សាយបន្តផ្ទាល់ ដោយមានការអត្ថាធិប្បាយលើកម្មវិធីផ្សាយរបស់វិទ្យុប៊ីប៊ីស៊ីផងដែរ ៕ដោយ៖ភារៈ