ខេត្តបន្ទាយមានជ័យៈ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោក ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា នៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១ ដោយមានបទបញ្ជាពីលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នគរបាលស្រុកស្វាយចេក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ា សាមិត្រ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ដោយពាក់ព័ន្ធនឹងនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចភូមិល្បើកស្វាយ (ដំណាក់កកោះ) ឃុំស្វាយចេក ស្រុកស្វាយចេក។អ្នកដែលជនសង្ស័យនាំទៅថៃនោះ ចំនួន០២នាក់ប្តីប្រពន្ធ មានឈ្មោះនុត សាវណ្ណ អាយុ២៥ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ វ៉ាន់ថា ស្រីមុំ អាយុ២៥ឆ្នាំ គឺ បម្រុងឆ្លងដែនទៅប្រទេសថៃ តាមរយៈមេខ្យល់ ឈ្មោះ ប៊ុន ណយ ហៅ ទ្រី ភេទប្រុស រស់នៅភូមិចំការគ ឃុំស្វាយចេក ក្នុងតម្លៃ៤.០០០បាត ក្នុង០១នាក់ ហើយពេលដល់គោលដៅទើបប្រគល់លុយ។ ពេលនោះឈ្មោះប៊ុន ណយហៅទ្រី បានឌុបគេទាំង០២នាក់ មកដាក់នៅចំណុចភូមិល្បើកស្វាយ ហើយនិយាយថា ចេញនៅពេលយប់វេលាម៉ោង០១ ដោយដើរចម្ងាយ
៤គីឡូម៉ែត្រ ទើបមានរថយន្តថៃមកយក។ក្រោយពីនិយាយជាមួយជនជាតិថៃរួចឈ្មោះប៊ុន ណយ ហៅទ្រីជិៈម៉ូតូចេញបាត់ ។ បន្ទាប់មកអ្នកទាំង០២នាក់ប្តីប្រពន្ធឈ្មោះនុត សាវណ្ណជាប្តី និងប្រពន្ធឈ្មោះ វ៉ាន់ថា ស្រីមុំ ត្រូវបានកម្លាំងយោធាកងល្បាតទី៤ វរសេនាតូចលេខ៥០៣ បានជួបនិងសួរនាំ បានដឹងពីហេតុការណ៍ហើយ ក៏ឲ្យអ្នកទាំង០២នាក់ប្តីប្រពន្ធខលទូរស័ព្ទទាក់ទងទៅមេខ្យល់ឈ្មោះប៊ន ណយ ហៅ ទ្រី ឲ្យមកយកពួកគេ ប៉ុន្តែមិនឃើញឈ្មោះប៊ុន ណយ ហៅទ្រី តែបែរជាឃើញឈ្មោះប៉ា សាមិត្រ ជិៈម៉ូតូមកយក ហើយក៏ត្រូវកម្លាំងយោធាកងល្បាតទី០៤ វរសេនាតូចលេខ៥០៣ ធ្វើការឃាត់ខ្លួននិងប្រគល់ឲ្យនគរបាលស្រុកស្វាយចេក នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ ដើម្បីធ្វើការសួរនាំ។
លោក ឌី សុជាតិ បានបញ្ជាក់ទៀតថានៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១នេះដែរ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានជួបប្រទះពលករខ្មែរ ចំនួន០៥នាក់(ប្រុស)មកពីខេត្តកំពង់ធំ នៅចំណុចរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក។ ពេលសួរនាំពួកគេប្រាប់ថាទៅថៃ ហើយបានធ្វើការឃាត់ខ្លួន និង ផ្តល់ព័ត៌មានឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក មកទទួលយក។ចំពោះពលករទាំង០៥នាក់និង០២នាក់ប្តីប្រពន្ធ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ នៅក្រុងសិរីសោភ័ណ នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះផងដែរ៕
ដោយ÷វណ្ណា