ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូទៅសាលារៀនក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តតូយ៉ូតាRush ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BD-9428 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុរថយន្តបត់ឆ្វេងដៃជិតផុតទៅហើយស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកSmash REVOពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1A-6940បើកបរដោយយុវជនម្នាក់ជាសិស្សសាលាក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានទៅបុកចំពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះមកដល់ទីតាំងកើតហេតុ ហើយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តយល់ព្រមជួយសងថ្លៃការខូចខាតទៅលើម៉ូតូរបស់ជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖ និនសុភ័ស្ត