ខេត្តកណ្តាល៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ និងលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ។ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធនានានិងមន្រ្តីជំនាញបញ្ចេកទេស(គ.ជ.គ.ម)ជាច្រើនរូបផងដែរ។
ពិធីនេះ គឺជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់ ដែលបានឆ្លុះបញ្ជាំងនូវសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដែលបានដាក់ចេញនូវផែនការសកម្មភាពជាតិនេះ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ និងបានផ្តល់នូវទិសដៅយុទ្ធសាស្ត្រសម្រាប់សកម្មភាពដែលបានគ្រោងទុករយៈពេល៥ឆ្នាំ ២០១៩-២០២៣ ដើម្បីកាត់បន្ថយកម្រិតរងគ្រោះ និងភាពងាយរងគ្រោះទប់ស្កាត់នូវការកកើតហានិភ័យគ្រោះមហន្តរាយថ្មី បង្កើនការទទួលខុសត្រូវនៅគ្រប់កម្រិតដោយផ្តើមពិនិត្យដោះស្រាយគំនាស់ហានិភ័យគ្រោះមហន្តរាយដូចជាទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុមាន៖ គ្រោះរាំងស្ងួត កង្វះខាតទឹក ភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ទឹកជំនន់ ជំនន់ទឹកភ្លៀង បាក់ច្រាំងទន្លេស្ទឹង ជំងឺឆ្លងជំងឺរាតត្បាត ។ល។
ជាមួយគ្រោះមហន្តរាយទាំងនេះ និងដើម្បីធ្វើការចាត់វិធានការសម្រាប់ព្រឹត្តិការណ៍គ្រោះមហន្តរាយ នឹងអាចកើតឡើងនាពេលខាងមុខដែលមិនអាចព្យាករណ៍បានគឺចាំបាច់ត្រូវមានការត្រៀមរៀបចំ និងធានាថាសមត្ថភាព ដែលមានស្រាប់សម្រាប់ការឆ្លើយតប និងការស្តារឡើងវិញនោះអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព។
លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថាការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការងារប្រទាក់ក្រឡាដែលមិនអាចស្ថាប័នណាមួយអនុវត្តឯកឯងបានឡើយ គឺត្រូវមានការសម្របសម្រួល ឱ្យបានល្អ មានកិច្ចខិតខំប្រឹងប្រែងគ្រប់វិស័យ អនុវត្តរួមគ្នាដោយក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។ ការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ចាំបាច់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជនត្រូវយកតួនាទី និងការទទួលខុសត្រូវរៀងៗខ្លួន ចូលរួមកាត់បន្ថយហានិភ័យ ដើម្បីការកសាងភាពធន់នៅគ្រប់វិស័យទាំងអស់នៃសង្គម និងផ្តល់លទ្ធភាពឱ្យសហគមន៍ និងប្រទេសរបស់យើងអាចទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយសារគ្រោះមហន្តរាយពីមុខសញ្ញាគ្រោះថ្នាក់នានាដោយធម្មជាតិ និងមនុស្ស និងជួយដល់ការស្តារឡើងវិញក្រោយពេលមានគ្រោះមហន្តរាយនោះផងដែរ។
ដោយឡែកផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយបានកំណត់ច្បាស់លាស់អំពីយុទ្ធសាស្ត្រ កម្មវិធីអាទិភាពសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជនសហការអនុវត្តនូវគោលបំណងសម្រាប់ប្រាំឆ្នាំនេះគឺ កសាងសហគមន៍ប្រកបដោយសុវត្ថិភាព និងភាពធន់ដើម្បីការអភិវឌ្ឍជាតិដោយចីរភាព ដោយមាន៖
-ការរំពឹងទុកចំនួន១២ចំណុច
-យុទ្ធសាស្រ្តចំនួន៤
-កម្មវិធីអាទិភាពចំនួន២០ និងសកម្មភាពលម្អិតចំនួន១១៨ ។
នាឳកាសនោះ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវសូមអំពាវនាវ ដល់គ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលមេត្តាផ្តល់កិច្ចសហប្រតិបត្តិការអនុវត្តសកម្មភាពដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣ ឱ្យបានសកម្ម និងជោគជ័យ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលរាជធានី ខេត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមឆ្លើយតបគ្រោះមហន្តរាយនាពេលកន្លងមក៕ដោយ៖សហការី