ស្ថានទូត​ចិននៅ​មី​យ៉ាន់​ម៉ា​ ​ចេញមុខ​ដោះស្រាយ​ពាក្យ​ចចាមអារ៉ាម និង​ជំរុញឲ្យ​មី​យ៉ាន់​ម៉ា​ ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ខាង​នយោបាយ​ ​

ចែករំលែក៖

អន្តរជាតិ​៖​ ស្ថានទូត​ចិន​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​ បាន​ជំរុញ​ឱ្យ​គ្រប់ភាគី​នយោបាយ​ទាំងអស់​នៅក្នុង​ប្រទេស​ចូលរួម​ការសន្ទនា​គ្នា​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​និង​ព្យាយាម​ដោះស្រាយ​ពាក្យ​ចចាមអារ៉ាម​នៅលើ​បណ្តាញ​សង្គម​ដែល​អះអាងថា​ចិន​កំពុង​ជួយ​យោធា​មី​យ៉ាន់​ម៉ា​។​ នេះបេីយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times​ ​នៅក្នុង​បទសម្ភាសន៍​តាម​អ៊ីមែលស្ថានទូត​ចិន​​ជាមួយ​សារព័ត៌មាន​ កាលពី​ថ្ងៃទី​១៦​ ​ខែកុម្ភៈ​ ឆ្នាំ​២០២១។

​ជាកស្ដែងចំពោះការ​ដកស្រង់​ចម្លើយ ដែល​ផ្តល់​ដោយ​ស្ថានទូត​សម្រាប់សំណួរ​ពី​បណ្តាញសារព័ត៌មានមានដូចខាងក្រោម៖

– តើ​ចិន​មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៅ​មី​យ៉ាន់​ម៉ា​?

​ក្នុងនាម​ជា​ប្រទេសជិតខាង​ដ៏​ល្អ​របស់​មី​យ៉ាន់​ម៉ា ប្រទេស​ចិន​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នាពេល​ថ្មីៗ​នេះ​។ យើង​បាន​កត់សម្គាល់ឃើញ​ជម្លោះ​ក្នុងស្រុក​របស់​មី​យ៉ាន់​ម៉ា​ទាក់ទង​នឹង​ការបោះឆ្នោត​មួយរយៈ​មកនេះ ប៉ុន្តែ​យើង​មិនត្រូវ​បាន​គេ​ជូនដំណឹង​ជាមុន​អំពី​ការផ្លាស់ប្តូរ​នយោបាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ​។​

​ទាំង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​កងទ័ព​មី​យ៉ាន់​ម៉ា​រក្សា​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ចិន​។ ការវិវឌ្ឍ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​មិនមែនជា​អ្វីដែល​ចិន​ចង់ឃើញ​នោះទេ​។ យើង​សង្ឃឹមថា​គ្រប់ភាគី​ទាំ​អស់​នៅ​មី​យ៉ាន់​ម៉ា​អាច​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​បាន​ត្រឹមត្រូវ​តាម​ក្របខ័ណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ព្រមទាំង​រក្សា​ស្ថិរភាព​នយោបាយ​និង​សង្គម​។​

​ថ្មីៗ​នេះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការប្រកាស​ស្ថានភាព​អាសន្ន​និង​ការឃុំខ្លួន​ទីប្រឹក្សា​រដ្ឋ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​និង​ប្រធានាធិបតី អ៊ូ វីន​មីន (U Win Myint) និង​អ្នក​ដទៃទៀត អំពាវនាវ​ឱ្យមាន​ការដោះលែង​ជាបន្ទាន់​នូវ​អ្នក​ទាំងអស់​ដែល​ត្រូវបាន​ឃុំខ្លួន និង លើកទឹកចិត្ត​ដល់​ការបន្ត​កិច្ចសន្ទនា​និង​ការផ្សះផ្សា​ស្របតាម​ឆន្ទៈ​និង​ផលប្រយោជន៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ប្រទេស​ចិន​ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះហើយ​យើង​ជឿជាក់ថា​គ្រប់ភាគី​នៅ​មី​យ៉ាន់​ម៉ា​បានដឹង​អំពី​បញ្ហា​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឆ្លុះបញ្ចាំង​ពី​ជំហរ​រួម​របស់​សហគមន៍​អន្តរជាតិ​រួមទាំង​ប្រទេស​ចិន​ផងដែរ​។​

​ចិន​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ស្រ​មុះ​ស្រ​មួល​ដោយ​អាស៊ាន​និង​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ស្តីពី​មី​យ៉ាន់​ម៉ា​។ ចិន​ក៏​កំពុង​ដើរតួនាទី​ក្នុងន័យ​ស្ថាបនា​ផងដែរ ដោយ​លើកកម្ពស់​សន្តិភាព​និង​ការសន្ទនា​ជា​ស្នូល​។​

​យោធា​និង​គ្រប់ភាគី​នយោបាយ​ទាំងអស់​សុទ្ធតែជា​សមាជិក​នៃ​ក្រុមគ្រួសារ​មី​យ៉ាន់​ម៉ា​ដែល​ពួកគេ​ទាំងអស់​គួរតែមាន​ទំនួល​ខុស​ត្រូវជា​ប្រវត្តិសាស្ត្រ​ក្នុងការ​ថែរក្សា​ស្ថិរភាព​និង​ការអភិវឌ្ឍ​ជាតិ​។ អ្វីដែល​មី​យ៉ាន់​ម៉ា​ត្រូវការ​គឺ​ការផ្សះផ្សា​និង​ឯកភាពគ្នា ជំនួស​ឱ្យ​ការប្រឈមមុខ​ដាក់គ្នា​និង​ការបែងចែក​គ្នា ដែល​យើង​ជឿថា​ជា​បំណងប្រាថ្នា​រួម​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

​យើង​សង្ឃឹមថា​គ្រប់ភាគី​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា​អាច​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​តាមរយៈ​ការសន្ទនា​និង​ការពិគ្រោះ​យោបល់​ឱ្យបាន​ត្រឹមត្រូវ​។ សកម្មភាព​របស់​សហ​គម​ន៍​អន្តរជាតិ​គួរតែ​ជួយ​សម្រួល​ដល់​ស្ថិរភាព​នយោបាយ​និង​សង្គម​របស់​មី​យ៉ាន់​ម៉ា ហើយ​ចៀសវាង​បង្កើន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​។​

– ក្នុងនាម​ជា​ប្រទេសជិតខាង​របស់​មី​យ៉ាន់​ម៉ា តើ​ប្រទេស​ចិន​អាច​ដើរតួនាទី​អ្វី​ក្នុងការ​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​?

​ចិន​សង្ឃឹម​ដោយស្មោះ​ថា​មី​យ៉ាន់​ម៉ា​នឹងមាន​ស្ថិរភាព​សង្គម​និង​ការអភិវឌ្ឍ​ជាតិ​។​យើង​ជឿជាក់ថា​បច្ចុប្បន្ននេះ​អ្វីដែល​សំខាន់បំផុត​សម្រាប់​មី​យ៉ាន់​ម៉ា​និង​ប្រជាជន​របស់ខ្លួន​គឺ​ធ្វើការ​រួមគ្នា​ដើម្បី​រក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​វិបត្តិ​នយោបាយ​ក្នុងស្រុក​។​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ផ្សារភ្ជាប់​ការខ្វែងគំនិត​គ្នា​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​និង​ការសន្ទនា​គ្នា​ដើម្បី​នាំ​ប្រទេស​ដើរ​លើផ្លូវ​ត្រូវ​វិញ​។​ប្រការនេះ​តម្រូវឱ្យ​យោធា​មី​យ៉ាន់​ម៉ា​គណបក្សនយោបាយ​និង​គ្រប់ផ្នែក​ទាំង​អស់នៃ​សង្គម​ត្រូវ​ចងចាំ​នូវ​ផលប្រយោជន៍​ជា​មូលដ្ឋាន​រយៈពេល​វែងរ​បស់​មី​យ៉ាន់​ម៉ា​ស្វែងរក​ដំណោះស្រាយ​នយោបាយ​តាមរយៈ​ការសន្ទនា​នយោបាយ​ដោយ​គតិបណ្ឌិត​នយោបាយ​និង​រក្សា​ស្ថិរភាព​នយោបាយ​និង​សង្គម​។​ប្រទេស​ចិន​នឹង​បន្ត​ដើរតួនាទី​ក្នុងន័យ​ស្ថាបនា​រហូតដល់​ទីបញ្ចប់​។​

-​សង្គម​មី​យ៉ាន់​ម៉ា​បានចាប់ផ្តើម​យុទ្ធនា​ការមិន​គោរព​ច្បាប់​រដ្ឋ​ហើយ​មានការ​ប្រមូលផ្តុំ​មនុស្ស​យ៉ាងច្រើន​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។ តើ​ស្ថានទូត​មាន​អ្វី​ជាការ​អត្ថាធិប្បាយ​?

យើង​យល់​ពី​សេចក្តីប្រាថ្នា​របស់​ប្រជាជន​ហើយ​យើង​ក៏បាន​លើកឡើង​ពី​ការទាមទារ​ទាំងអស់នេះ​ដែរ នៅពេល​យើង​ជំរុញ​ការសន្ទនា​រវាង​ភាគី​ផ្សេងគ្នា​នៅ​មី​យ៉ាន់​ម៉ា​។​

​នាពេល​បច្ចុប្បន្ននេះ​មី​យ៉ាន់​ម៉ា​ប្រឈមមុខ​នឹង​ស្ថានភាព​ក្នុងស្រុក​ធ្ងន់ធ្ងរ​ដែល​ក្នុងនោះ​ការប្រឈមមុខគ្នា​អាច​នឹងត្រូវ​ព​ង្រឹ​ក​បន្ថែមទៀត​។​យើង​សង្ឃឹមថា​គ្រប់ភាគី​ទាំងអស់​អាច​រក្សា​ភាព​ស្ងប់ស្ងៀម​និង​ទប់ស្កាត់​និង​ចៀសវាង​ពី​ការធ្វើ​រឿង​ដែល​អាច​បង្កើន​ជម្លោះ​និង​បង្កើន​ភាព​តានតឹង​។​ក្រោម​ស្ថានភាព​បច្ចុប្បន្ន​អំពើហិង្សា​គួរតែ​ត្រូវ​ចៀសវាង​ហើយ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាជន​ចាំបាច់​ត្រូវការពារ​ឱ្យបាន​។​

– តើ​អ្នកមាន​ទស្សនៈ​យ៉ាងណា​ចំពោះ​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​មី​យ៉ាន់​ម៉ា​និង​ចិន​?

​ទោះបី​ការផ្លាស់ប្តូរ​ស្ថានការណ៍​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក៏ដោយ​ក៏ប៉ុន្តែ​គ្មានអ្វី​ត្រូវ​ងឿងឆ្ងល់​ទេ​ដែលថា​វា​នឹង​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​មី​យ៉ាន់​ម៉ា​ជាមួយ​ប្រទេសជិតខាង​។​យើង​តែងតែ​គិតគូរ​ពី​ផលប្រយោជន៍​របស់​ប្រជាជន​ទាំងពីរ​។​ឧទាហរណ៍​ជាក់ស្តែង​អាជ្ញាធរ​ចិន​និង​អាជ្ញាធរ​តាម​តំបន់​បាន​ជម្នះ​ការលំបាក​ហើយ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ពាណិជ្ជកម្ម​តាម​ព្រំដែន​មាន​ស្ថិរភាព​។​

​ឧទាហរណ៍​មួយទៀត​ចិន​និង​មី​យ៉ាន់​ម៉ា​បាន​អនុវត្ត​វិធានការ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ប្រកបដោយ​ប្រសិទ្ធភាព​ហើយ​ភាគី​ទាំងសងខាង​កំពុង​ពិភាក្សាគ្នា​អំពី​លទ្ធកម្ម​វ៉ាក់សាំង ដែលមាន​សារៈសំខាន់​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

​មានការ​កត់សម្គាល់​ដ៏​រំភើប​មួយចំនួន​អំពី​ចិន​និង​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​មី​យ៉ាន់​ម៉ា​ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​មី​យ៉ាន់​ម៉ា​នាពេល​ថ្មីៗ​នេះ​និង​សូម្បី​ព័ត៌មាន​ក្លែងក្លាយ​មួយចំនួន​ក៏មានដែរ​។​យើង​បានធ្វើ​ការបញ្ជាក់​ឱ្យបាន​ទាន់ពេលវេលា​ក្នុង​គោលបំណង​ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​ទូទៅ​អំពី​ស្ថានភាព​ជាក់ស្តែង​និង​ដើម្បី​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។​

​យើង​ប្រឆាំងនឹង​រាល់​ការប៉ុនប៉ង​ប្រើប្រាស់​កិច្ចការ​ក្នុងស្រុក​របស់​មី​យ៉ាន់​ម៉ា​ដើម្បី​ធ្វើឱ្យ​អន្តរាយ​ដល់​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​ចិន​និង​មី​យ៉ាន់​ម៉ា ព្រោះ​ចេតនា​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ផ្ទាល់​របស់​មី​យ៉ាន់​ម៉ា​។​

– តើ​អ្នក​អាច​ដោះស្រាយ​ពាក្យ​ចចាមអារ៉ាម​នៅលើ​បណ្តាញ​សង្គម​ដែល​អះអាងថា ១. យន្តហោះ​ចិន​បាន​ដឹក​អ្នកបច្ចេកទេស​មក​មី​យ៉ាន់​ម៉ា​, ២. ចិន​កំពុង​ជួយ​កងទ័ព​មី​យ៉ាន់​ម៉ាក​សាង​ប្រព័ន្ធ Firewall (​គ្រប់គ្រង​អ៊ី​ន​ធឺ​ណេ​ត​) និង ៣. ទាហាន​ចិន​កំពុង​បង្ហាញ​វត្តមាន​តាម​ដងផ្លូវ​មី​យ៉ាន់​ម៉ា​?​ ទាំងនេះ​គឺជា​ការចោទប្រកាន់​មិន​សម​ហេតុ​សម​ផល​និង​គួរឱ្យ​អស់សំណើច​។​យន្តហោះ​ទាំងនេះ​គឺជា​ជើងហោះហើរ​ដឹកទំនិញ​ធម្មតា​រវាង​ចិន​និង​មី​យ៉ាន់​ម៉ា​ដែល​ជើងហោះហើរ​បាន​ធ្លាក់ចុះ​ពី​១៥១៨​ជើង​ក្នុង​មួយថ្ងៃ​មុនពេល​មាន​ជំងឺ​រាតត្បាត​មក​នៅសល់​ត្រឹម​ប្រហែល ៥ ជើង​ក្នុង​មួយថ្ងៃ​។ យន្តហោះ​ទាំងនោះ​ដឹក​គ្រឿង​សមុទ្រ​និង​ការនាំចេញ​ផ្សេងទៀត​ពី​មី​យ៉ាន់​ម៉ា​ទៅកាន់​ប្រទេស​ចិន​។​

​ចិន​តែងតែ​ជាទី​ផ្សារ​នាំចេញ​ដ៏​សំខាន់​សម្រាប់​ផលិតផល​កសិកម្ម​និង​ជលផល​របស់​មី​យ៉ាន់​ម៉ា​។​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ជើងហោះហើរ​ទាំងនោះ​ដឹក​បុគ្គលិក​បច្ចេកទេស​ហើយ​បង្ហាញ​តាមរយៈ​រូបភាព​កាត់ត​ដោយ​ចេតនា ដោយ​លុបចោល​ពាក្យ​ថា “​ជើងហោះហើរ​ដឹកទំនិញ​”​។ បន្ទាប់មក មានការ​ឃោសនា​បំផ្លើស​ថា ជើងហោះហើរ​ទាំងនោះ​បាន​ដឹក “​អាវុធ​” ។​

​ទាំងនេះ​មិនមែនជា​ការពិត​ទេ​និង​ជាការ​ព្យាបាទ​។ យើង​សង្ឃឹមថា​ពាក្យ​ចចាមអារ៉ាម​បែបនេះ​នឹងមិន​កើតឡើង​ម្តងទៀត​ទេ​។ បើ​នៅតែមាន​ពាក្យ​ចចាមអារ៉ាម​ដូច្នោះ​ទៀត​វា​នឹង​បាន​ត្រឹម​បញ្ជាក់ថា​មាន​ឧបាយកល​និង​ការជ្រៀតជ្រែក​ដោយ​កម្លាំង​ដែលមាន​ចេតនា​ពី​ខាងក្រៅ ដែល​ធ្វើការ​នៅ​ពីក្រោយ​ឆាក​។ ប្រជាជន​ចិន​ក៏មាន​ការព្រួយបារម្ភ​អំពី​ពាក្យ​ចចាមអារ៉ាម​ទាំងអស់​នេះដែរ​។ មនុស្ស​ជាច្រើន​កំពុង​ត្អូញត្អែរ​អំពី​ពាក្យ​មិន​ពិត​ទាំងនោះ​។​

​យើង​សង្ឃឹម​ដោយស្មោះ​ថា​ប្រជាជន​មី​យ៉ាន់​ម៉ា​អាចបែងចែក​អ្វីដែល​ខុស​និង​អ្វីដែល​ត្រូវ​និង​ការពារ​ប្រឆាំងនឹង​ឧបាយកល​នយោបាយ​ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​មិត្តភាព​រវាង​ប្រជាជន​ទាំងពីរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print