ជាប់ខ្នោះព្រោះសុំស្នេហ៍អូនមិនបាន

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវបាននគរបាលមូលដ្ឋានចាប់វាយខ្នោះក្រោយពីបានប្រើអំពើហិង្សាលើក្មេងស្រី២នាក់បងប្អូនបង្កើតបណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីសុំស្នេហាលើរូបនាងមិនបាន ។ការឃាត់ខ្លួនយុវជនខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅក្នុងភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

 បើយោងតាមរបាយការណ៍របស់នគរបាលស្រុកអូរជុំបានឲ្យដឹងថា យុវជនបង្កឈ្មោះ ហេវ ត្រង់ត្រៀវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិគ្រឹង មុខរបរ មិនពិតប្រាកដ រស់នៅភូមិ/ឃុំកើតហេតុខាងលើជនបង្កបានយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ចំក្បាលទាំងពីរនាក់បងប្អូនបង្កើត។

១-ឈ្មោះ ក្លង ជូច ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិគ្រឹង មុខរបរ ជាសិស្ស រស់នៅភូមិ/ឃុំកើតហេតុខាងលើ បណ្តាលអោយរបួសធ្ងន់ចំក្បាល។

២-ឈ្មោះ ក្លង ដូច ភេទស្រី អាយុ១១ឆ្នាំ ជនជាតិគ្រឹងមុខរបរជា សិស្ស របួសធ្ងន់ចំក្បាលដូចគ្នា។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាមូលហេតុនៃការបង្កហិង្សានេះ គឺផ្តើមចេញពីជនបង្កកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានសុំស្រលាញ់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនព្រមស្រលាញ់ធ្វើឲ្យជនបង្កខឹងសម្បាយ៉ាងខ្លាំងក៏ប្រើអំពើហិង្សាតែម្តងទៅ។

ក្រោយពីធ្វើសកម្មភាពរួច កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចាអ៊ុង បានធ្វើការចុះស្រាវជ្រាវតាមរកជនបង្ក ពេលស្រាវជ្រាវរកឃើញក៏បាននាំខ្លួនជនបង្កមកអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់បងប្អូនត្រូវបានអាណាព្យាបាលយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

  

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print