កម្ពុជាសង្ឃឹមថា៖ ឡាវនឹងរៀបចំកិច្ចប្រជុំពាណិជ្ជកម្មជាមួយគ្នាឡើងវិញដើម្បីពង្រឹងពាណិជ្ជកម្មនិងវិនិយោគ

ចែករំលែក៖

ភ្នំពេញ៖​ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា លោក Amphay KINDAVONG ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។

នៅក្នុងជំនួបនាឱកាសនោះ លោក ប៉ាន សូរស័ក្ដិ​ បានមានប្រសាសន៍ជម្រាបជូនភាគីឡាវ អំពីគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធនិងជំរុញកំណើនពាណិជ្ជកម្មតារយៈការប្តេជ្ញារក្សាការបើកចំហរទីផ្សារសម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់និងសម្ភារៈវេជ្ជសាស្រ្តឆ្លងកាត់ព្រំដែន ជាពិសេសក្នុងកំឡុងពេលវិបត្តិមេរោគកូវីដ១៩។

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី​ ក៏បានលើកទឹកចិត្តដល់ប្រទេសឡាវឱ្យរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ឡាវ-វៀតណាម CLV DTA JCC លើកទី១៣ ឱ្យបានឆាប់តាមប្រព័ន្ធ វីដេអូ សំដៅពង្រឹង និងអនុវត្តកិច្ចសហប្រតិបត្តិការស្របតាមអនុសាសន៍ណែនាំនិងការប្តេជ្ញាចិត្តរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសទាំងបី ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលលើកទី១១ កាលពីចុងឆ្នាំ២០២០កន្លងទៅ។ ដោយឡែក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មលោករដ្ឋមន្រ្ដី បានជំរុញឱ្យភាគីទាំងពីរបន្តកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្មកម្ពុជា-ឡាវ ឡើងវិញដើម្បីពង្រឹងពាណិជ្ជកម្មនិងវិនិយោគ។

បន្ថែមពីលើនេះ លោកក៏បានជំរុញឱ្យភាគីទាំងពីររៀបចំការផ្គូផ្គងអាជីវកម្មរវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមយន្តការប្រព័ន្ធវីដេអូ ឬរៀបចំបន្ទាប់ពីរោគរាតត្បាត Covid-19 បានបញ្ចប់។
ជាការឆ្លើយតប លោកអគ្គរដ្ឋទូតបានជម្រាបជូនថា នឹងពាំនាំអនុសាសន៍របស់លោករដ្ឋមន្រ្ដីទៅជម្រាបជូនក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យនិងរៀបចំកិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌ CLV និងទ្វេភាគីដើម្បីរក្សានូវកិច្ចសហប្រតិបត្តិការដ៏ល្អ និងជំរុញឱ្យមានកំណើនពាណិជ្ជកម្មកាន់តែខ្លាំងឡើង។

ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តសហការនៅក្នុងក្របខណ្ឌអាស៊ានក៏ដូចជាទ្វេភាគីដើម្បីរួមគ្នាត្រួតពិនិត្យ និងទប់ស្កាត់ការចំលងការរីករាលដាលនៃជំងឺ Covid-19 តាមច្រកព្រំដែនរវាងប្រទេសទាំងពីរផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print