រយៈពេល៦សប្តាហ៍ ក្រោយលោកត្រាំបញ្ចប់តំណែងប្រធានាធិបតីអាមេរិក សណ្ឋាគារនិងកាស៊ីណូនៅទីក្រុង Atlantic រដ្ឋ New Jersey អាមេរិក ត្រូវបានបំផ្លាញចោល ។
មន្ត្រីរដ្ឋាភិបាលទីក្រុង Atlantic បានសម្រេចបំផ្ទុះកម្ទេចអគារTrump Plaza នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ(ពេលវេលាក្នុងតំបន់ )។ ក្រោយសំឡេងផ្ទុះយ៉ាងខ្លាំង អគារកំពស់៣៤ជាន់ នៅដល់តែគំនរបាក់បែកតែប៉ុណ្ណោះ ។ ពលរដ្ឋជាច្រើនបាននាំគ្នាទៅមើលការបំផ្លាញអគារ Trump Plaza ដោយអ្នកខ្លះត្រូវបង់ប្រាក់១០ ដុល្លារដើម្បីទទួលបានកន្លែងមើលល្អបំផុត និងសុវត្ថិភាព។
អគារTrump Plaza បានបើកដំណើរការតាំងពីឆ្នាំ១៩៨៤ ធ្លាប់ក្លាយជា សណ្ឋាគារនិងកាស៊ីណូដ៏ល្បី ទាក់ទាញ់ក្រុមអ្នកមាន និងល្បីៗជាច្រើន ទៅលេងល្បែងនៅទីនោះ ។ Trump Plaza គឺជាកាស៊ីណូដំបូង បង្អស់ក្នុងចំណោម៣កន្លែងរបស់លោកត្រាំ នៅទីក្រុង Atlantic ។ ប៉ុន្តែ កាស៊ីណូទាំង៣របស់លោកត្រាំត្រូវខ្ស័យធុន ហើយ សណ្ឋាគារ និងកាស៊ីណូ Trump Plaza ត្រូវបោះបង់ចោលតាំងពីឆ្នាំ២០១៤។
មុនការបំផ្ទុះអគារ ក្រុមអ្នកជំនាញបានដាក់គ្រាប់រំសេវដល់ទៅ ៣ពាន់គ្រាប់ជុំវិញអគារដើម្បីបំផ្លាញអគារកម្ពស់៣៤ជាន់។ អភិបាលក្រុង Atlantic លោក Marty Small បានឲ្យដឹងថា យើងមិនអាចពឹងផ្អែកទៅលើ កាស៊ីណូទៀតឡើយ យើងត្រូវការវិស័យឧស្សាហកម្មថ្មីមកទីនេះ។ លោក Marty Small សង្ឃឹមថាទីតាំងខាងលើនឹងត្រូវអភីវឌ្ឍន៍ធ្វើជាតំបន់សម្រាប់ការកម្សាន្តលក្ខណៈគ្រួសារ ៕
រូបភាព៖ Getty Image