រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា

ចែករំលែក៖

ភ្នំពេញ÷នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដី ព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាល ឌីជីថល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្ដីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ។

ស្របតាមស្មារតីនៃចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ និងការចង្អុលបង្ហាញនៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាល ទី៤, “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលត្រូវបានគិតគូរប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រាកដនិយមខ្ពស់ នឹងក្លាយជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់ក្នុងការធ្វើបរិវត្ដកម្មឌីជីថល ។

ម្យ៉ាងទៀត ក្របខណ្ឌគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយមានភាពឆ្លើយតបខ្ពស់ទៅនឹងនិន្នាការសកលនៃបដិវត្តន៍ ឧស្សាហកម្ម ៤.០ ក៏ដូចជាបរិវត្តកម្មឌីជីថល ដែលបាននិងកំពុងធ្វើឱ្យនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក និងតំបន់ មានការវិវឌ្ឍឥតឈប់ឈរ ជាពិសេសក្នុងបរិការណ៍ដែលចាប់តាំងពីឆ្នាំ ២០២០ មក, បទពិសោធន៍ និងមេរៀននៃវិបត្តិជំងឺកូវីដ-១៩ បានបង្ហាញអំពីសក្ដានុពលកាន់តែសំខាន់នៃបរិវត្តកម្ម ឌីជីថល ក្នុងការជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ។

ក្របខណ្ឌគោលនយោបាយនេះ កំណត់នូវចក្ខុវិស័យក្នុងការ “កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងប្រជាជន និង ទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី” ដោយផ្តោតលើ អាទិភាព ៥ ធំៗ ក្នុងនោះរួមមាន៖

(១). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល,
(២). ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល,
(៣). ការកសាងពលរដ្ឋឌីជីថល,
(៤). ការកសាងរដ្ឋាភិបាលឌីជីថល និង
(៥). ការជំរុញធុរកិច្ចឌីជីថល ។

ជាលទ្ធផល អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួង ដែលបានបំពេញការងារ ប្រកបដោយកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំចងក្រងសេចក្តីព្រាងក្របខណ្ឌគោលនយោបាយនេះឡើង ។

ជាមួយគ្នានេះ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមការងារធ្វើការកែសម្រួលឯកសារនេះតាមស្មារតី និងមតិយោបល់របស់អង្គប្រជុំ ដើម្បីនីតិវិធីអនុម័តឯកសារនេះក្នុងពេលឆាប់ៗខាងមុខ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print