លោកអភិបាលខេត្តស្វាយរៀងផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដោយគ្មានការលើកលែងនោះឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក​ ជុំ​ ហាត​ប្រធានក្រុមប្រឹក្សាខេត្ត​លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តបានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយដល់កងកម្លាំងវរការពារព្រំដែនលេខ៦១១ក្រុងបាវិត និងសួរសុខទុក្ខកងកម្លាំងវរការពារព្រំដែនលេខ៦០៩ ស្ថិតនៅផ្លូវចំការម្ទេស​ ឃុំទួលស្តី​ ស្រុកចន្ទ្រា​ ដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃសុក្រ ០៨កេីត ខែផល្គុន​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

មានប្រសាសន៍នៅក្នុងដំណើរចុះពិនិត្យស្ថានភាព និងសំណេះសំណាល សួរសុខទុក្ខចែកអំណោយដល់កងកម្លាំងវរការពារព្រំដែននៅថ្ងៃនេះ លោកម៉ែនវិបុលបានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីចត្តាឡីស័ក​ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈជើងនៅតាមគោលដៅនីមួយៗបានអនុវត្តតួនាទីភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាម ដើម្បីទប់ស្តាត់នូវប្រជាពលរដ្ឋឆ្លងដែន ជាពិសេសការឲ្យធ្វេីចត្តាឡីស័កបានត្រឹមត្រូវដោយប្រកាន់ខ្ជាប់នូវការអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរគួឲ្យកត់សម្គាល់ ។

លោក ក៏បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវឲ្យធ្វើចត្តាឡីស័កជាដាច់ខាត នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់កងកម្លាំងនិងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់ ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងវិធានការត្រួតពិនិត្យការចេញចូល ជាពិសេសការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ក្នុងទិសដៅបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំគោលដៅប្រចាំការ និងល្បាតនូវកងកម្លាំងវរការពារព្រំដែនលេខ៦១១ ចំនួន ២១គោលដៅ និងវរការពារព្រំដែនលេខ៦០៩ចំនួន៣៨គោលដៅ។

អំណោយដែលបានចែកជូនដល់កងកម្លាំងវរការពារព្រំដែនក្នុងមួយគោលដៅៗទទួលបាន​៖

អង្ករ​៥០គីឡូ,សាប៊ូ៤កញ្ចប់​,សាប៊ូដុំ​៨ដុំ​,មីម៉ាម៉ា​ ៥កេស,ត្រីខ​ ៥ឡូ​,ម៉ាស​ ៣ប្រអប់​,ក្រម៉ា​១០ ,ទឹកសុទ្ធ​១០យួរ ,ទឹកស៉ីអ៉ីវ​៣យួរ, ទឹកត្រី២យួរ,អំបិល៤កញ្ចប់​,និងថវិកា២០០,០០០រៀល៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print