មន្ត្រីអាមេរិក កាលពីថ្ងៃទី១៨ខែកុម្ភៈ បានប្រកាសថាប្រធានាធិបតីបៃឌិន សម្រេចផ្តល់ជំនួយជាទឹកប្រាក់រហូតដល់ទៅ៤ពាន់លានដុល្លារដល់កម្មវិធីវ៉ាក់សាំងប្រឆាំងកូវីដ១៩ Covax របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ។
ប្រធានាធិបតីបៃឌិន នឹងប្រកាសពីការចំណាយខាងលើ នៅក្នុង កិច្ចប្រជុំ G7 តាមអនឡាញ នៅថ្ងៃទី ១៩ខែកុម្ភៈ (ពេលវេលាអាមេរិក)ស្តីពីវិធានការទប់ស្កាត់កូវីដ១៩ ក៏ដូចជាដំណើរការសេដ្ឋកិច្ច ពិភពលោកឡើងវិញ ក៏ដូចបម្រែបម្រួលអាកាសធាតុ និងការប្រឈមមុខតានតឹងជាមួយចិន។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ១៨ខែកុម្ភៈ(ពេលវេលាអាមេរិក) មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរបស់លោកបៃឌិន បានប្រកាសថា គម្រោងចំណាយពេលដំបូងគឺមានទឹកប្រាក់ ២ពាន់លានដុល្លារ ហើយអំពាវនាវដល់ប្រទេសផ្សេងទៀត ចូលរួមជាមួយអង្គការសុខភាពពិភពលោក ដើម្បីយកឈ្នះលើ កូវីដ ១៩ ជួយដល់ប្រទេសក្រីក្រនិងធម្យមមានវ៉ាក់សាំង បង្កាដូចគ្នា។
កម្មវិធីវ៉ាក់សាំង Covax របស់អង្គការសុខភាពពិភពលោក គឺ ផ្តល់ដោយអត់គិតថ្លៃដល់ពលរដ្ឋ ២០% នៅទូទាំងពិភពលោក ស្ថិតនៅ៩២ប្រទេស នៅឆ្នាំ២០២១។ នៅពេលនេះ Covax បានព្រមព្រៀងទិញវ៉ាក់សាំង ២,២៧ពាន់លានដូស នៅក្នុងឆ្នាំ២០២១ដើម្បីចែកចាយដល់ប្រទេសក្រីក្រ ហើយនៅដើមខែមីនា ការចែកចាយវ៉ាក់សាំងត្រូវបានចាប់ផ្តើម។
នេះជាសកម្មភាពដ៏ល្អបំផុតរបស់ប្រធានាធិបតី បៃឌិន បន្ទាប់ពីប្រកាសសងប្រាក់ដល់អង្គការសុខភាពពិភពលោក ២០០លានដុល្លារ។ គោលដៅរបស់អាមេរិកគឺដើម្បីស្តារមុខមាត់របស់អាមេរិកឡើងវិញនៅលើឆាកអន្តរជាតិ៕
រូបភាព៖ Reuters