ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់ក៏មានមនុស្សក្មេងចាស់ចំនួន២នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដោយសារតែការលង់ទឹកកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៩-១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឃុំត្នោតជុំ ស្រុកក្រគរបានឲ្យដឹងថា នៅចំណុចបឹងអភិរក្ស(ដងទឹកលាច)ស្ថិតនៅក្នុងភូមិដងទឹកលាច ឃុំត្នោតជុំ ស្រុកក្រគរ មានករណីមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់១នាក់ នៅគ្រាដែលជនរងគ្រោះទៅនេសាទត្រី(អូសអួន)។ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ផាន់ ឡុង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធនិងកូនប្រុសស្រីចំនួន២នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុ ។
ដោយឡែកនគរបាលស្រុកតាលោសែនជ័យឯណោះវិញបានឲ្យដឹងដែរថា នៅចំណុចស្រះទឹក ស្ថិតក្នុងភូមិដើមរកា ឃុំខ្នារទទឹង ស្រុកតាលោសែនជ័យ ក៏មានករណីមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់១នាក់ផងដែរ។ ជនរងគ្រោះឈ្មោះ ធី ពន្លឺ ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកឪពុកម្ដាយ ស្ថិតនៅភូមិ-ឃុំកើតហេតុ ។
ប្រភពព័ត៌មានខាងលើបញ្ជាក់អះអាងបន្តទៀតថា បញ្ហាមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់ជាបន្តបន្ទាប់នេះ សមត្ថកិច្ចនិងស្ថាប័នជំនាញពាក់ព័ន្ធបានសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយៈ បុឹម ពិន