អន្តរជាតិ៖ លោកស្រី ខារី ឡាំ (Carrie Lam) អភិបាលទីក្រុងហុងកុង និងមន្ត្រីកំពូលៗនៃរដ្ឋបាលរបស់លោកស្រីជាច្រើនរូបទៀត បានទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac សម្រាប់ដូសដំបូងរួចរាល់ហើយ។
ជាក់ស្ដែងកាលពីសប្តាហ៍មុន វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac បានមកដល់ដែនដីស្វយ័តរបស់ចិនមួយនេះ បន្ទាប់ពីរដ្ឋបាលទីក្រុងហុងកុង បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ នៅក្នុងករណីបន្ទាន់។ ការចាក់វ៉ាក់សាំងរបស់លោកស្រី ខារី ឡាំ និងមន្ត្រីកំពូលឯទៀត គឺជាការបង្កើនទំនុកចិត្តជូនដល់ប្រជាជនហុងកុង និងអំពាវនាវឲ្យគ្រប់គ្នា ទទួលយកការចាក់វ៉ាក់សាំងជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
សូមជម្រាបថា ទីក្រុងហុងកុង បានចេញយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់ប្រជាជនខ្លួនចំនួន ៧.៥លាននាក់ ចាប់តាំងពីថ្ងៃសុក្រ សប្តាហ៍មុននេះមកម្ល៉េះ ដោយក្នុងនោះបុគ្គលិកសុខាភិបាល, មនុស្សវ័យចំណាស់, អ្នកបើកបររថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន និងមន្ត្រីសំខាន់ៗមួយចំនួនទៀត ត្រូវបានផ្តល់អាទិភាពផងដែរ៕ដោយ៖ស តារា
រូបភាព៖លោកស្រី ខារី ឡាំ (Carrie Lam) អភិបាលទីក្រុងហុងកុងទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac