ខេត្តកំពង់ឆ្នាំង៖ បើតាមប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានបញ្ជាក់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា៖ ក្រុមការងារអាជ្ញាធរខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញដំណើរតាមសាឡាង ដើម្បីតាមយកមនុស្សចំនួន ១០នាក់ពីស្រុកកំពង់លែង ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន ២នាក់ ទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីរាជធានីភ្នំពេញ ហើយដែលពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។
ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ បញ្ជាក់បន្ថែមថា បច្ចុប្បន្នករណីនាំយកមនុស្សចំនួន ១០នាក់ គឺយកពួកគាត់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុស ហើយក្រុមគ្រូពេទ្យក៏កំពុងធ្វើតេស្តពួកគាត់រកកូវីដ១៩ ផងដែរ។ បន្ថែមពីនេះលោក ប្រាក់ វុន បានគូសបញ្ជាក់ថា៖«ក្រោយពីយកសំណាកបញ្ជូនទៅភ្នំពេញលទ្ធផលយើងរង់ចាំបន្តទៀត ប៉ុន្តែបច្ចុប្បន្ននេះ គឺមិនទាន់បញ្ជាក់បានថាគាត់វិជ្ជមាន ឬអវិជ្ជមានកូវីដ–១៩ នោះទេ ដោយគ្រាន់តែគាត់មានពាក់ព័ន្ធ នឹងទីតាំងខាងលើតែប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោក ប្រាក់ វ៉ុន ក៏បានអំពាវនាវចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងទីទាំង ៦៣កន្លែង សូមមកពិនិត្យសំណាក និងធ្វើចតាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យជំងឺកូវីដ រាលដាលចូលក្នុងសហគមន៍៕ដោយ៖សហការី