ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានលង់ទឹកបៀស្លាប់ បន្ទាប់ពីឪពុកម្ដាយមានការធ្វេសប្រហែសរវល់ចុះបូមទឹកយកត្រីដោយទុកកូនចោលកាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុឪពុកម្ដាយដែលរស់នៅក្នុងស្រុកកំពង់រោទ៍បាននាំកូនប្រុសរងគ្រោះឈ្មោះ រិន គង់ អាយុ៣ឆ្នាំ៦ខែ មកលេងផ្ទះជីតាបង្កើតនៅភូមិកើតហេតុខាងលើ។
ប្រភពបន្តថា ក្រោយមកឪពុកម្តាយបាននាំកូនទៅបូមទឹកបៀដើម្បីចាប់ត្រីនៅក្បែរផ្ទះ ហើយដោយជាប់រវល់បូមទឹកភ្លេចមើលកូនធ្វើឱ្យកូនដើរចុះទៅក្នុងទឹកលង់ស្លាប់តែម្តង។ លុះប្រហែលកន្លះម៉ោងក្រោយមកទើបភ្ញាក់ខ្លួនព្រោះមិនឮសំឡេងកូនក៏នាំគ្នាចុះមុជរកក្នុងទឹកប្រទះឃើញកូនក៏ស្រង់ដាក់លើគោក
ប៉ុន្តែអកុសលហួសពេលទៅហើយ។
សពត្រូវបានសមត្ថកិច្ចពិនិត្យរួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
ពេលទទួលបានដំណឹងនេះ នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១លោក សុខា រ៉ាម អភិបាលស្រុកនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក
និងសហការីរួមជាមួយលោកមេឃុំសង្កែ
ក្រុមការងារកាកបាទក្រហមឃុំសង្កែ
បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាចូលបុណ្យសពកុមារា ក្នុងនោះមានអង្ករ២៥គីឡូក្រាម មីចំនួន១កេស
ទៀនវែង៤ដើម ធូប២ដុំ ទឹកដោះគោ២កំប៉ុង ស្ករស១គីឡូក្រាមនិងថវិកាសរុប២០ម៉ឺនរៀលផងដែរ៕
យឹម សុថាន