អង្គការក្រៅរដ្ឋាភិបាល​ចំនួន​១៤០​ មកពី​ប្រទេស​៣១ ស្នើឲ្យ​UN៖ ដាក់ទណ្ឌកម្ម​អាវុធ​លើ​របប​សឹក​មី​យ៉ាន់​ម៉ា

ចែករំលែក៖

អន្តរជាតិ​៖​ បេីយោងតាម​លិខិត​ចំហ​មួយរបស់អង្គការក្រៅរដ្ឋាភិបាល​ចំនួន​១៤០ មកពី​ប្រទេស​ចំនួន​៣១ កាលពីថ្ងៃទី​២៤ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បានអំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ (UNSC) ដាក់ទណ្ឌកម្ម​លើ​ការលក់​អាវុធ​ឲ្យមី​យ៉ាន់​ម៉ា​។ ប៉ុន្តែចំពោះការស្នើ​នេះ ទំនង​ពិបាក​ទៅរួចណាស់ ខណៈ​ដែល​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន​៣ គឺជា​ដៃគូ​លក់​អាវុធ​ដ៏​សំខាន់​ឱ្យ​មី​យ៉ាន់​ម៉ា​ទៅហើយ​។

ជាក់ស្ដែង​នៅក្នុង​លិខិត​ចំហ​មួយ​ដែល​ផ្ញើ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​ បានគូសបញ្ជាក់ថា​៖«​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ គួរតែ​ប្រញាប់​ដាក់ទណ្ឌកម្ម​ហាមឃាត់​ការលក់​អាវុធ​សម្រាប់​មី​យ៉ាន់​ម៉ា​»​។ អង្គការក្រៅរដ្ឋាភិបាល​ចំនួន​១៤០ មកពី​៣១​ប្រទេស បានបញ្ជាក់​បែបនេះ នៅក្នុង​លិខិត​ចំហ​មួយ​ដែល​ផ្ញើ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​។

បើតាម​អង្គការក្រៅរដ្ឋាភិបាល ការហាមឃាត់​លក់​អាវុធ​ឱ្យ​មី​យ៉ាន់​ម៉ា គឺ​ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា និង​ទ​ប​ស្កាត់​របប​សឹក​មិនឱ្យ​ប្រើប្រាស់​សកម្មភាព​រំ​លោភ​បំពាន​ថែមទៀត​។ ខណៈលិខិត​ដដែល​នេះ ក៏បាន​អំពាវនាវ​ឱ្យ​ដៃគូ​សំខាន់ៗ​របស់​មី​យ៉ាន់​ម៉ា​ឈប់​លក់​អាវុធ គ្រាប់កាំភ្លើង និង​អាវុធ​ផ្សេងទៀត​ឱ្យ​រដ្ឋាភិបាល​ផងដែរ​។ ដៃគូ​សំខាន់ៗ​របស់​មី​យ៉ាន់​ម៉ា​មានដូចជា៖ ចិន ឥណ្ឌា រុស្ស៊ី អ៊ី​ស្ត្រា​អែល កូរ៉េខាងជើង ហ្វីលីពីន និង​អ៊ុយ​ក្រែ​ន​។

យ៉ាងណាមិញ ជុំវិញបញ្ហាទណ្ឌកម្ម​អាវុធ​លើ​មី​យ៉ាន់​ម៉ានេះដែរ ទំនងជា​មិនអាច​កើតឡើង​ឡើយ ព្រោះ​ក្នុងចំណោម​ដៃគូ​ទាំងនោះ មាន​ប្រទេស​ចំនួន​៣ ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​។ ប្រទេស​ទាំងនោះ​មានដូចជា៖ ចិន រុស្ស៊ី និង​ឥណ្ឌា​ដែលជា​សមាជិក​មិន​អចិន្ត្រៃយ៍​។ ចិន និង​រុស្ស៊ី​អាច​ប្រើ​សិទ្ធិ​វេតូ​របស់ខ្លួន​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ បាន​គ្រប់ពេល​។​

​មិនតែប៉ុណ្ណោះ អង្គការក្រៅរដ្ឋាភិបាល​ខាងលើ ក៏បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ជាក់លាក់ ការហាមឃាត់​លើ​ការធ្វើដំណើរ​ជាស​កល និង​បង្កក​ទ្រព្យសម្បត្តិ​លើ​មេដឹកនាំ​យោធា និង​ក្រុមហ៊ុន​ដែលមាន​ទាក់ទិន​ជាមួយ​យោធា​ផងដែរ​។

​ដោយឡែកនៅក្នុង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ បណ្តាញ​សង្គម Facebook ឯណោះ​វិញ ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ​នេះ បានប្រកាស​បិទ​គណនី Facebook និង​ពាណិជ្ជកម្ម​ទាំងអស់ ដែល​ពាក់ព័ន្ធ​ក្រុម​យោធា និង​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ក្រុម​យោធា​។ ចំណាត់ការ​នេះ ធ្វើឡើង​ដោយសារ​ក្រុមហ៊ុន ចាត់ទុក​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​ក្រោយ​រដ្ឋប្រហារ ជា​ស្ថាន​ភាពអាសន្ន ព្រោះតែ​ការបង្ក្រាប​បាតុករ​រហូតដល់​មាន​បាត់បង់​ជីវិត​។ ដូចគ្នា​នឹង Facebook បណ្តាញ​សង្គម Instagram ក៏​ហាមឃាត់​បែបនេះ​ដែរ​៕ដោយ​៖ស​ តារា​

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print