ខេត្តកំពង់ស្ពឺ៖ អ្នកចម្រៀងស្រីឈ្មោះ កង ឧស្សា ស្នាក់នៅទីរួមខេត្តកំពង់ស្ពឺត្រូវបានជនមួយក្រុមមានប្រុសមានស្រីព្រួតគ្នាវាយរហូតបែកភ្នែកបែកមុខបែកមាត់មើលទៅគួរឲ្យសង្វេគខ្លាំងណាស់។ ករណីដែលបានកើតមានឡើងនៅអាហារដ្ឋានយីហោហេងហេងក្នុងទីរួមខេត្តកំពង់ស្ពឺនេះគឺកើតឡើងកាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ ហើយពេលនេះសមត្ថកិច្ចនៅមិនទាន់អាចចាប់ជនសង្ស័យបាននៅឡើយទេ បើទោះបីជាស្គាល់មុខហើយក៏ដោយ។
តារាចម្រៀងរូបនេះបានបញ្ជាក់ថា នៅថ្ងៃកើតហេតុរូបនាងនិងប្អូនស្រី រួមទាំងមិត្តភក្តិ២នាក់ផ្សេងទៀតបានចូលទៅទទួលទានអាហារនៅហាងខាងលើនាតំបន់ផ្សាររាត្រីខេត្តកំពង់ស្ពឺ ដែលមានក្រុមនាងមួយតុ និងក្រុមមួយផ្សេងទៀតប្រមាណជា៥ទៅ៦នាក់ដែរ។ នាងឱ្យដឹងទៀតថា ដោយសារពីមុនប្អូនស្រីនាងនិងនារីម្នាក់ក្នុងក្រុមផ្សេងនោះធ្លាប់មានទំនាស់នឹងគ្នាទើបលេចចេញជាការដៀមដាមផ្លែផ្កាពីសំណាក់ក្រុមម្ខាងទៀតរហូតក្រុមនោះគប់កែវក្នុងហាងអស់៣ទៅ៤កែវ ប៉ុន្តែនាងមិនចង់តបតព្រោះខ្លាចមានរឿងកាន់តែធំ ។ នាង រៀបរាប់ទាំងអួលដើមកថា ដោយអត់ទ្រាំនឹងការជេរប្រមាថដៀមដាមកាន់តែខ្លាំងនាងក៏គប់កែវមួយចោលរហូតមានបុរស និងនារីដែលនៅភាគីម្ខាងទៀតបានស្ទុះមកវាយនាងបែកមុខបែកមាត់ និងត្រូវត្រង់ភ្នែកជាដំណំ ហើយប្អូននាងក៏ត្រូវក្រុមម្ខាងទៀតវាយរហូតរបួសដៃផងដែរ។ នាងថា ក្រោយពេលកើតហេតុក្រុមម្ខាងទៀតនោះបានចាកចេញពីកន្លែងកើតហេតុ ខណៈបុរសដែលបានវាយមកលើនាងបានរត់គេខ្លួនបាត់។ តារាចម្រៀងវ័យ៣២ឆ្នាំរូបនេះបញ្ជាក់ដែរថា ក្រោយសមត្ថកិច្ចមកដល់កន្លែងកើតហេតុនិងសាកសួរក៏បានស្គាល់មុខសញ្ញាដែរ ប៉ុន្តែនៅមិនទាន់អាចស្វែងរកជនបង្កមកដាក់ទោសបាននៅឡើយទេ។ នាងថានាងចង់បានយុត្តិធម៌ ព្រោះតែពេលនេះនាងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ភ្នែករបស់នាងនៅតែហូរឈាមបើទោះបីជាបានជួបគ្រូពេទ្យ និងឲ្យបន្តតាមដានដែលនាងបារម្ភខ្លាំង ខណៈដែលការងារច្រៀងតាមកម្មវិធីផ្សេងក៏នាងខកខានរកប្រាក់ចំណូលផងដែរ។
គួរបញ្ជាក់ដែរថា កង ឧស្សាគឺជាតារាចម្រៀងនិយមច្រៀងបទចម្រៀង Cover និងច្រៀងតាមឆាកតន្ត្រីនានាក្នុងកម្មវិធីតាំងពិព័រណ៍នោះជាដើម។ អ្វីដែលនាងចង់បានគឺស្នើសុំឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវយ៉ាងដិតដល់ដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕
ដោយ វឌ្ឍនា