ខេត្តពោធិ៍សាត់ ៖ នៅក្រុងពោធិ៍សាត់ឥឡូវ មានបទល្មើសគួរកត់សម្គាល់ ខណៈបច្ចុប្បន្នគេឃើញក្រុមចោរលួច ចោរឆក់ ធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃដោយគ្មានញញើតសមត្ថកិច្ចបន្តិចសោះ ជាក់ស្ដែងក្រុមចោរបានគាស់សោរទ្វារចូលលួចម៉ូតូ២គ្រឿង រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ជាក់ស្ដែងនៅព្រឹកព្រលឹមថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ស្ថិតនៅភូមិចម្ការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈក្រុមចោរគាស់សោរទ្វារចូលលួចម៉ូតូចំនួន២គ្រឿង ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា, ម៉ូតូត្រូវបានក្រុមចោរលួចយកទៅបាត់នោះ ទី-១ ម៉ាក ស្កូពី ពណ៏ស សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិសាត់ 1S 3295 ជាកម្មសិទ្ធរបស់ឈ្មោះ កែវ សុងហេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.សង្កាត់កើតហេតុ ។
ប្រភពដដែលបន្តថា, ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២០ ពណ៏ខ្មៅ ពាក់ស្លាកលេខ 1K 4949 ជាកម្មសិទ្ធរបស់ឈ្មោះ កែវ សុខា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.សង្កាត់កើតហេតុ ។
ប្រភពបញ្ជាក់បន្តទៀតថា ម៉ូតូទាំង២គ្រឿង ចាក់សោរដាក់របងផ្ទះ(មិនដាក់ក្នុងបន្ទប់ទេ)ករណីចោរគាស់សោរទ្វាររបងចូលលួចម៉ូតូខាងលើ សមត្ថកិច្ចសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកមុខសញ្ញាជាជនប្រព្រឹត្ត ។
បច្ចុប្បន្ន! ប្រជាពលរដ្ឋមានការព្រួយបារម្យខ្លាំង ខណៈមួយរយៈនេះគេសង្កេតឃើញកើតមានករណីចោរកម្មច្រើន នៅក្រុងពោធិ៍សាត់ ៕
ដោយៈ បុឹម ពិន