ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Range Rover យ៉ាងលឿនដល់ផ្លូវបំបែកជា៤បានជ្រុលទៅបុកម៉ូតូដែលជិះឌុបគ្នា២នាក់ពេញទំហឹង បណ្តាលឲ្យប៉ើងមនុស្សបោកផ្ទប់នឹងកញ្ចក់រថយន្តរង
របួសស្រាល។ ចំណែកម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុរង់ចាំដោះស្រាយជាមួយជនរងគ្រោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១០ និង២០នាទីយប់ថ្ងៃសុក្រទី២៦ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤ កែងនឹងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ1IK-7034 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តម៉ាក Range Rover ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2V-8837 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យប៉ើងមនុស្សផ្ទប់នឹងកញ្ចក់រថយន្ត ខ្ទាតទៅមុខជាច្រើនម៉ែត្រ តែសំណាងល្អគ្រាន់តែរងរបួសស្រាលមិនប៉ះពាល់ដល់អាយុជីវិតឡើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់ឱ្យភាគីទាំងពីរសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្ក ព្រមចេញសំណងឲ្យជនរងគ្រោះចំនួន ៥០០$ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕
ជ្រោយពេជ្រ