ភ្នំពេញ៖ កញ្ញា លីវ ជីលី Miss Grand Cambodia 2020 នឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃនៅរសៀលម៉ោង៣ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១នេះហើយ។ មុនពេលចាកចេញនាងបានទម្លាយប្រវត្តិកម្សត់មួយចំនួនដែលធ្លាប់ឆ្លងកាត់មុនពេលមកដល់ចំណុចនេះ។
អតីតកញ្ញាឯករងលំដាប់ទី២កញ្ញា លីវ ជីលី បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2020 ជំនួសកញ្ញា សេង រដ្ឋា ម្ចាស់មកុដនិងកញ្ញា លឹម សុធាវី ម្ចាស់តំណែងរងលំដាប់ទី១ដែល បានសម្រេចចិត្តបោះបង់តំណែងក្រោយលេចចេញភាពចម្រូងចម្រាសជាមួយក្រុមហ៊ុនផលិតកម្មវិធី។ នាងលីវ ជីលីមានអាយុ២៤ឆ្នាំ កម្ពស់១,៧០ម៉ែត្រ បញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣នៃជំនាញហិរញ្ញវត្ថុធនាគារ ដែលថ្ងៃអនាគតនាងចង់ក្លាយជាតារាសម្តែងម្នាក់ផងដែរ។
នាងមានបញ្ហាច្រើនក្នុងជិវិត ប៉ុន្តែកាន់តែធ្វើឲ្យផ្លូវចិត្តរបស់នាងមានភាពរឹងមាំ នេះជាអ្វីដែលម្ចាស់មកុដកញ្ញាឯក Miss Grand Cambodia 2020 កញ្ញា លីវ ជីលីបានតាំងចិត្ត។ នាងមិននឹកស្មានដល់អំពីសំណាងដែលបានក្លាយជាម្ចាស់មកុដកញ្ញាឯកឡើយ បើទោះបីនាងជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង និងមានភាពរឹងមាំក្នុងជិវិតក៏ដោយ។ នាងថា ថ្មីៗនេះនាងទទួលបានការរិះគន់ពេបជ្រាយមួយចំនួនពីទស្សនិកជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលពាក្យខ្លះពិតជាពិបាកទទួលយកណាស់។ ទោះជាយ៉ាងណានាងលើកឡើងថា វាគ្រាន់តែចំណុចតូចមួយប៉ុណ្ណោះដែលនាងជួបក្នុងជិវិត។ នាងថាថ្វីដ្បិតតែនាងមានវ័យ២៤ឆ្នាំមែន ប៉ុន្តែបទពិសោធន៍ក្នុងជិវិតជាច្រើនបានបង្រៀននាងឲ្យជម្នះក្នុងឧបសគ្គកាន់តែខ្លាំង។ នាងរំលឹកថា នាងមានទឹកដីកំណើតនៅភ្នំពេញទេ ប៉ុន្តែក្រុមគ្រួសារនាងត្រូវផ្លាស់ប្តូរទីលំនៅទៅនៅក្រុងប៉ោយប៉ែត គ្រាដែលនាងមានវ័យទើបតែបាន៤ឆ្នាំ។ ក្រោយមកបានបន្តផ្លាស់ទៅរស់នៅក្នុងតំបន់ព្រៃឆ្ងាយដាច់ស្រយាលពីទីប្រជុំជន។ ទោះជាយ៉ាងណានាងមិនបានបោះបង់ការសិក្សាចោលឡើយ បើទោះបីជាផ្លូវធ្វើដំណើរមានការលំបាកច្រើនក៏ដោយ។ នាងបញ្ជាក់ថា នាងធំពេញវ័យនៅតំបន់ចុងកាត់មាត់ញក នាងមិនដែលស្គាល់សម្ភារ សម្លៀកបំពាក់គ្រឿងតុបតែងខ្លួនថ្លៃអ្វីឡើយ ។ អ្វីដែលនាងធ្វើប្រចាំថ្ងៃគឺការងារស្មើនឹងមនុស្សប្រុសធ្វើ ព្រោះតែ នាងមានបងប្អូន២នាក់ ហើយក្រុមគ្រួសារជាអ្នកធ្វើចម្ការ ដូចនេះការងារប្រុសៗស្ទើរតែទាំងអស់ដែលអាចធ្វើបានគឺនាងក៏ធ្វើបានដែរ រាប់ចាប់តាំងពីការកាប់អុស លី រែករបស់ធ្ងន់ៗ ហេតុនេះហើយទើបនាងមិនមានដៃជើងស្អាតដូចនារីមួយចំនួន។ នាងថា នាងបន្តតស៊ូជាច្រើនឆ្នាំក្នុងជិវិតរហូតបានបញ្ចប់ការសិក្សាថ្នាក់ទី១២ បានមករៀនបន្តនៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញក្នុងជីវិតឯករាជ្យ ដែលត្រូវរកលុយរៀនដោយខ្លួនឯង ហើយរឿងដែលនាងចាំមិនភ្លេចគឺការផ្តើមពីការងារជាពិធីការិនីក្នុងវិទ្យុមួយដែលបានប្រាក់កម្រៃពី៤០ទៅ៥០ដុល្លារដើម្បីរៀនផង។ គាប់ជួនម្តាយនៅខេត្តមានជំងឺដែលនាងត្រូវជួយរ៉ាបផរងគ្រួសារថែមទៀត រហូតនាងមិនអាចបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យបានគឺមានតែប្រឹងប្រែងរកការងារធ្វើដើម្បីបន្តជួយក្រុមគ្រួសារ។ នាងថានៅមានជិវិតដែលជួបឧបសគ្គជាច្រើនរហូតដល់នាងសាកល្បងលេចមុខក្នុងការដាក់ពាក្យប្រកួតកម្មវិធីសម្រស់នេះ។ នាងថាផ្តើមពីមិនចេះអ្វីសោះ ដើរដួលលើឆាកជាច្រើនលើកច្រើនសា គឺនាងនៅតែក្រោកឈរបាន ហើយបើទោះបីជាពេលនេះនាងជួបការរិះគន់ពេបជ្រាយមើលងាយច្រើនប៉ុន្តែនាងនឹងជម្នះទៅមុខបន្តដើម្បីក្លាយជានារីរឹងមាំនិងក្លាយជាបេក្ខភាពតំណាងជាតិចូលរួមប្រកួតកម្មវិធីMiss Grand International 2020នៅអំឡុងខែមីនាខាងមុខនេះ។ នាងថាពេលនេះនាងនឹងប្រឹងប្រែងហ្វឹកហាត់លើការដើរបង្ហាញម៉ូដការរៀបចំថែខ្លួន និងពង្រឹងសមត្ថភាពចំណេះដឹងឲ្យអស់ពីលទ្ធភាព ហើយលទ្ធផលយ៉ាងណាគឺនាងនឹងទទួលយក។ នាងរំពឹងថានឹងទទួលបានការលើកទឹកចិត្តពីទស្សនិកជន ដើម្បីជាកម្លាំងចិត្តបន្តដំណើរទៅមុខជាមួយក្តីសង្ឃឹម៕
ដោយ វឌ្ឍនា