ខេត្តកណ្តាល៖ បុរសម្នាក់បានទិញស្រាបៀរកម្ពុជាផឹកជាមួយមិត្តភក្តិអស់ជាច្រើនកេស ហើយស្រវឹងជោកជាំក៏បានទៅឈ្លោះប្រកែកជាមួយបងថ្លែឈានដល់ទាញចបកាប់វាយប្រហារ បណ្តាលឲ្យរងរបួសបែកក្បាលឈាមហូរកកក្លាក់ជោកខ្លួនមើលទៅគួឲ្យរន្ធត់ ។ ក្រោយកើតហេតុជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលលំហាចចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យដេរមុខរបួសជាង១០ថ្នេរ ។
អំពើហិង្សាដោយចេតនាព្រោះតែអំណាចស្រាបៀរកម្ពុជានេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាប់ខ្លួននោះឈ្មោះ ជិន ខ្នា ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខែ្មរ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ។ ចំណែកឯជនរងគ្រោះឈ្មោះ យិន ចានលីហៅរាជ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខែ្មរមុខរបរកសិករ (រងរបួសបែកក្បាលដេរ១០ថ្នេរ) ជនរងគ្រោះត្រូវជាបងថ្លៃជនសង្ស័យបច្ចុប្បន្នរស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ។
ប្រភពដដែលបានបន្តថា នៅមុនពែលកើតហេតុវេលារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យខាងលើនេះនិងមិត្តភក្តិជាច្រើនប្រមាណ៤ទៅ៥នាក់ទៀត បានចូលលុយគ្នាទិញស្រាបៀរកម្ពុជាយកមកផឹកនៅផ្ទះបន្ទាប់ពីផឹកស្រាបៀរអស់ប្រមាណ៤កេសកន្លះរួចមកជនសង្ស័យមានសភាពស្រវឹងជោកជាំបានដើរទៅរករឿងឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះដែលត្រូវជាបងថ្លៃយ៉ាងតឹងសរសៃ.កដាក់គ្នា ។ ក្នុងជម្លោះពាក្យសម្តីនេះបានធ្វើឲ្យជនសង្ស័យទាញយកចបកាប់ស្ទុះចូលទៅវាយប្រហារទៅលើជនរងគ្រោះត្រូវចំក្បាល បណ្តាលឲ្យបែកហូរឈាមកក្លាក់ស្រោចលើខ្លួនមើលទៅគួរឲ្យរន្ធត់ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពីកើតហេតុជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលលំហាចចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យដេរមុខរបួសជាង១០ថ្នេរ៕
ដោយ៖ ស្អាងជ័យ