នាយករដ្ឋមន្ត្រីឥណ្ឌា​ ទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូង

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១​ បានចុះផ្សាយថា​ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា​ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ដូសដំបូងរួចហើយ នៅព្រឹកថ្ងៃចន្ទទី១​ ខែមីនា​ ឆ្នាំ២០២១នេះ (ម៉ោងនៅញូដេលី) ហើយវ៉ាក់សាំងដែលលោកបានចាក់នោះ មានឈ្មោះថា ខូវ៉ាស៊ីន (Covaxin) ជាផលិតផលរបស់ក្រុមហ៊ុន ប៉ារ៉ាត់ បាយអូធិច (Bharat Biotech) របស់ឥណ្ឌាផ្ទាល់។

ចំពោះ​ការចាក់វ៉ាក់សាំងដូសដំបូងរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា​ បានកើតមានឡើងចំពេលដែលឥណ្ឌា កំពុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក សម្រាប់ដំណាក់កាលទី ២។ ចំណែក​ការចាក់វ៉ាក់សាំងដំណាក់កាលទី ២ គឺមានគោលដៅទៅលើមនុស្សមានវ័យលើសពី ៦០ឆ្នាំ និងក្រុមមនុស្សអាយុលើសពី ៤៥ឆ្នាំ ដែលស្ថិតក្នុងហានិភ័យជាងគេ។

សូមជម្រាបថា គិតចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំងនៅឥណ្ឌា បានចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ប្រទេសមានប្រជាជនច្រើនជាងគេលំដាប់លេខ ២ (១,៣៨០លាននាក់) លើពិភពលោកមួយនេះ បានចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនសរុបជាង ១៥លាននាក់ហើយ។

ដោយឡែក​បេីគិតត្រឹមថ្ងៃចន្ទទី១​ មីនា​នេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុបជាង ១១លានករណី ក្នុងនោះស្លាប់ជាង ១៥៧,០០០នាក់ និងជាសះស្បើយវិញ ១០.៧លាននាក់។

គួរបញ្ជាក់ថា​ សម្រាប់វ៉ាក់សាំងនៅឥណ្ឌា គឺត្រូវបានសម្រេចឲ្យចាក់ជូនបុគ្គលិកសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ ដោយមិនគិតថ្លៃនោះឡើយ។ ចំណែក​សម្រាប់បុគ្គលិកបម្រើការងារ នៅតាមមណ្ឌលថែទាំសុខភាពឯកជនវិញ នឹងត្រូវចំណាយប្រមាណ ២៥០រូពី ឬស្មើនឹង ៣.៤ដុល្លារអាមេរិកនៅក្នុងម្នាក់ៗ សម្រាប់ការចាក់វ៉ាក់សាំង៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print