មន្ត្រីបានលើកឡើងថា ប៉ូលិសរុស្ស៊ី កាលពីថ្ងៃទីចន្ទ បានចាប់ខ្លួនស្ត្រីម្នាក់ ដែលសម្លាប់ និងកាត់ក្បាលកូនប្រុសរបស់ខ្លួនលើកគ្រវី ស្ថិតនៅស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ខាងក្រៅទីក្រុងមូស្គូ ។ ស្ត្រីរូបនេះត្រូវប៉ូលិសសង្ស័យថា ជាមនុស្សមានសតិមិនគ្រប់ ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សព្វផ្សាយវីដេអូបញ្ជាក់ថា ស្ត្រីមានស្លៀកពាក់អាវ ខោពណ៌ខ្មៅ លើកគ្រវីក្បាលក្មេងប្រុសម្នាក់ និងបានស្រែកថា «ខ្ញុំជាភេរវករមួយរូប» នៅក្នុងប្រទេសរុស្ស៊ី ។ ប៉ុន្តែទោះបីយ៉ាងណា ប៉ូលិសនៅមិនទាន់យកជាការណ៍បាននៅឡើយទេ ចំពោះអ្វីដែលស្ត្រីរូបនេះបានលើកឡើងនោះ ។
គណៈកម្មការស៊ើបអង្កេតរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ស្ត្រីខាងលើនេះ ឈ្មោះ Gyulchekhra Bobokulova អាយុ៣៨ឆ្នាំ មានដំណើរនៅក្នុងប្រទេសអាស៊ីភាគកណ្តាល និងជាអតីតសាធារណរដ្ឋសហភាពសូវៀត ។ ស្ត្រីរូបនេះត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសង្ស័យពីបទធ្វើឃាតលើកូនរបស់ខ្លួនដែលមានអាយុចន្លោះពី៣ឆ្នាំដល់៤ឆ្នាំ ស្ថិតនៅអគារដេផាតមេនមួយកន្លែង ក្បែរស្ថានីយរថភ្លើងក្រោមដី ភាគពាយព្យទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។ ក្រោយពីសកម្មភាពធ្វើឃាតរួចមក ស្ត្រីរូបនេះបានដុតអគារដេផាតមេន ។ ស្ត្រីរូបនេះត្រូវគេសង្ស័យថាមានជំងឺសរសៃប្រសាទ ។
ក្រុមអ្នកស៊ើបអង្កេតរបស់រុស្ស៊ីមិនបានបញ្ជាក់ថា ស្ត្រីរូបនេះ បានពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនៅរុស្ស៊ីទាំង២លើកកាលពីពេលថ្មីៗនោះឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីស៊ើបអង្កេតម្នាក់អះអាងថា ជននៅពីក្រោយការវាយប្រហារភេរវកម្មនៅរុស្ស៊ីទាំង២លើកកន្លងមកនេះ គឺបង្កឡើងដោយស្ត្រីតែម្នាក់គត់ ។
របាយការណ៍របស់ក្រុមស៊ើបអង្គេតបញ្ជាក់ថា រាងកាយក្មេងប្រុសរងគ្រោះត្រូវបានរកឃើញនៅក្នុងអគារដេផាតមេន និងមានស្លាកស្នាមធ្វើទារុណកម្មរហូតទាល់តែស្លាប់ ។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា កុមាររងគ្រោះត្រូវបានគេកាត់ក្បាលដាច់ពីស្មា ។
ក្រុមស៊ើបអង្កេតបានអះអាងថា ស្ត្រីជាឃាតក ហាក់ដូចបានរង់ចាំរហូតដល់ឪពុក និងបងប្រុសរបស់ក្មេងរងគ្រោះចាកចេញពីអគារដេផាតមេនអស់ ទើបរូបគេធ្វើសកម្មភាពសម្លាប់ក្មេងប្រុសរូបនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត