ភ្នំពេញ: យុវជន២នាក់ជិះម៉ូតូមួយគ្រឿងចេញពីកន្លែងស្រាក្រឡុកត្រូវក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដំបងដែកទីបដេញវាយបណ្ដាលឲ្យរងរបួសបែកក្បាលម្នាក់និងវាយកម្ទេចម៉ូតូមួយគ្រឿងខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ និង ២០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២១ នៅចំណុចស្តុប ទួលពង្រ តាមបណ្តោយផ្លូវបេតុងទួលពង្រកែងនឹងមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។
តាមការរៀបរាប់ពីយុវជនទាំងពីរនាក់បានប្រាប់ឲ្យដឹងថាមុនកើតហេតុពួកគេជិះម៉ូតូមួយគ្រឿងម៉ាកលេតពណ៌សពាក់ស្លាកលេខភ្នំពេញ1HI-2371 ទើបនឹងចេញផឹកស្រាក្រឡុកមួយកន្លែងដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទួលពង្រ ក្នុងទិសដៅពីត្បូងទៅជើង បំណងប្រឡប់ទៅផ្ទះវិញ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ស្រាប់តែលេចមុខស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដំបងដែកទីប នាំគ្នាជិះដេញពួកគេ រហូតមកដល់ចំណុចកើតហេតុខាងលើធ្វើឲ្យពួកគេទាំងពីរនាក់ភ័យស្លន់ស្លោរត់ចូលទៅកន្លែង ការ៉ាសសាំង រួចក្មេងស្ទាវទាំងធ្វើការសួរនាំទៅលើពួកគេ រួចយកដំបងដែកទីបវាយទៅលើពួកគេបណ្ដាលឲ្យរងរបួសបែកក្បាលម្នាក់ និងវាយកម្ទេចម៉ូតូរងការខូចខាតយ៉ាងដំណំ។បន្ទាប់មកក្មេងស្ទាវទាំងនោះនាំគ្នាជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទាំងពីរនាក់ឲ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ លុះទៅដល់ប៉ុស្តិ៍នគរបាលជនរងគ្រោះប្រាប់សមត្ថកិច្ចថាសូមយកជនរងគ្រោះទៅព្យាបាលរបួសសិន ចាំថ្ងៃស្អែកទើមមកដាក់ពាក្យបណ្ដឹងបន្ត៕
ដោយ៖សុខាសែនជ័យ