ភ្នំពេញ៖និស្សិតក្រីក្រខ្មែរឥស្លាម ៣នាក់ មានសំណាង បានទទួលអាហារូបករណ៍ ពីលោកអូស្មាន ហាស្សាន់ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិឡាល័យ The Binary University ម៉ាឡេស៊ី សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៩ ដែលជាសកលវិទ្យាល័យលំដាប់ផ្កាយប្រាំ ហើយជាសកលវិទ្យាល័យទី១ ក្នុងចំណោម៥វិទ្យាល័យ ដែលល្បីជាងគេផ្នែកអប់រំនៅម៉ាឡេស៊ី និងជាសាខាសកលវិទ្យាល័យThe Binary Univer sity នៃប្រទេសចក្រភពអង់គ្លេស។ និស្សិតទាំង ៣នាក់ ដែលបានទទួលអាហារូបករណ៍ ហើយត្រូវចេញដំណើរនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ នេះ គឺកញ្ញា វ៉ាន់ សូហ្វារី មកពីខេត្តក្រចេះ- កញ្ញា ម៉ាត់ រ៉ូហានី មកពីកំពង់ធំ និងកញ្ញា ឯល ទីរៀម មកពីខេត្តកំពង់ឆ្នាំង។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានទទួលជួបនិស្សិតទាំង៣នាក់ មុននិងចេញដំណើរនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ នេះបានបញ្ជាក់ថា៖ អាហារូបករណ៍នេះ បានមកពីការខិតខំទំនាក់ទំនងល្អជាមួយមិត្តភក្តិរបស់លោក ដែលជាម្ចាស់ជំនួយនានា ជាពិសេស សូមថ្លែងអំណរគុណចំពោះ លោកបណ្ឌិត Dato’ Professor Joseph Adaikalam សកលវិទ្យាធិការ នៃសកលវិទ្យាល័យ The Binary University ម៉ាឡេស៊ី និង សម្តេច YAB. Tun Musa Hitam អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធាន មូលនិធិ Sime Darby Foundation ដែលបានជួយឧបត្ថម្ភ ផ្គត់ផ្គង់ការស្នាក់នៅ ហូបចុកក្នុងរយៈពេលសិក្សាផងដែរ។
លោកបន្តថា៖ នេះជាជំហានទីមួយ និងមានបន្តបន្ទាប់ទៀត សម្រាប់ការផ្តល់អាហារូបករណ៍នៃសកលវិឡាល័យ The Binary University ម៉ាឡេស៊ីនេះ ដែលពីមុននេះ យើងបានបញ្ជូននិស្សិតបន្តការសិក្សាថ្នាក់ឧត្តម នៅតាមសកលវិទ្យាល័យបណ្តាប្រទេសម៉ាឡេស៊ី អារ៉ាប់ អណ្ឌូនេស៊ី ថៃ ជាដើម។
លោកបន្ដថា៖ នៅពេលដែលក្មួយៗទាំង ៣នាក់ នេះ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររងនេះដោយជោគជ័យ លោកនឹងស្នើសុំឲ្យក្មួយៗ បានបន្តការសិក្សា ថ្នាក់បរិញ្ញាបត្របន្តទៀត ពិសេសនឹងមានឱកាសឈានទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសកលវិទ្យាល័យ The Binary University នៃប្រទេសចក្រភពអង់គ្លេស ថែមទៀតផង។
កញ្ញា វ៉ាន់ សូហ្វារី និស្សិត មកពីខេត្តក្រចេះ ទទួលបានអាហារូបករណ៍ បានថ្លែងអំណរអរគុណយចំពោះការយកចិត្តទុកដាក់ និងខិតខំប្រឹកប្រែងរបស់ លោកអូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំ ដោយបានសន្យាថានិងខិតខំរៀនសូត្រ សាមគ្គីភាពគ្នារវាងនិសិ្សតជាតិ និងអន្តរជាតិ និងនាំយកនូវចំណេះដឹងមកចូលរួមអភិវឌ្ឍន៍សហគមន៍ និង ប្រទេសជាតិ នៅពេលបពា្ចប់ការសិក្សា។ ហើយក៏បានថ្លែងអំណរអរគុណ ចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា ជាពិសេស មានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងឯកសាររដ្ឋបាលផ្សេងៗ អនុញ្ញាតឲ្យគ្របក្បាលបែបសាសនា។
លោក អូស្មាន ហាស្សាន់ និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាចំនួន ៣០០ ដុល្លារ ផងដែរ ជួនដល់និស្សិតទាំង ៣នាក់ សម្រាប់ជាសោហ៊ុយធ្វើដំណើរ និងចំណាយផ្សេងៗតាមការចាំបាច់ ៕
...
ដោយ៖ សំរិត