ខេត្តកណ្ដាល៖ បុរសម្នាក់បានរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កបុករថយន្តពីក្រោយ ដែលរថយន្តនោះចតនៅប្របចិញ្ចើមផ្លូវពុំដាក់ស្លាកសញ្ញា។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កេត លាងអៀង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់) ជាអ្នកបើកម៉ូតូសណ្ដោងរុឺម៉ក ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល3A-2697 និងមានសណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខតាកែវ4A-0090 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនកើតហេតុ សាក្សីបានឃើញជនរងគ្រោះខាងលើ បើកម៉ូតូសណ្ដោងរ៉ឺម៉កក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយរថយន្ដ១គ្រឿងចំពីក្រោយដែលចតទុកចោលនៅអែបចិញ្ចើមខាងលិចផ្លូវក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់ ហើយបានស្លាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ។
ក្រោយពីបានទទួលព័ត៌មានខាងលើសមត្ថកិច្ចជំនាញស្រុក បានចុះពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីនេះ បណ្ដាលមកពីអ្នកបើកម៉ូតូសណ្ដោងរុឺម៉ក មានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងល្បឿនលឿន ។ ចំណែកអ្នកបើកបររថយន្ដ ចតរថយន្ដមិនដាក់ភ្លើងឬសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕
ដោយ៖ ស្អាងជ័យ