ប្រភពមួយដែលជិតស្និទ្ធនឹងបេក្ខជនម្នាក់បានប្រាប់សារព័ត៌មាន AFP ថា FIFA បានស្នើឱ្យបេក្ខជនចំនួន៣នាក់គាំទ្រលោក Patrice Motsepeជនជាតិអាហ្វ្រិកខាងត្បូងនៅក្នុងការបោះឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
លោក Ahmad Ahmad ដែលកំពុងកាន់តំណែងពីមុនត្រូវបានហាមឃាត់ពីបទរំលោភក្រមសីលធម៌របស់ FIFA ហើយត្រូវបានតុលាការអាជ្ញាកណ្តាលបញ្ឈប់រាល់សកម្មភាពទាក់ទងនឹងវស័យកីឡារបស់គាត់។
ប្រភពដដែលបាននិយាយថា ស្ថាប័នរបស់ FIFA ចង់បានការចាប់ផ្តើមថ្មីនៅទ្វីបអាហ្វ្រិក។ លោក Motsepe គឺជាមហាសេដ្ឋីរ៉ែអាហ្វ្រិកខាងត្បូងនិងជាម្ចាស់ក្រុមហ៊ុនក្នុងស្រុក Mamelodi Sundowns ។ ចំណែកលោក Augustin Senghor ជនជាតិសេណេហ្គាល់ និងលោក Ahmed Yahyaក៏ត្រូវបានគាំទ្រដល់ឲ្យក្លាយជាអនុប្រធានផងដែរ។ ដោយឡែកលោក Jacques Anouma ជនជាតិកូតឌីវ័រនឹងត្រូវបានផ្តល់ជាទីប្រឹក្សារបស់លោក Motsepe ។
លោក Motsepe គឺជាបេក្ខជនដែលពេញចិត្តរបស់ FIFA ពួកគេចង់បាននរណាម្នាក់ថ្មី ហើយមិនជាប់ទាក់ទងនឹងអតីតប្រធានចាស់នោះទេ។ ប៉ុន្តែ FIFA មិនទាន់បានឆ្លើយតបនឹងសំណើរបស់ AFP សុំការអត្ថាធិប្បាយនៅឡើយទេ។ ការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិកគ្រោងនឹងធ្វើឡើងនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុកនៅថ្ងៃទី១២ ខែមីនាខាងមុខ ៕