ភ្នំពេញ: ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវនិងកាំភ្លើងដេញកាប់និងបាញ់ទៅលើយុវជន៣នាក់ដែលកំពុងជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវ តែសំណាងល្អមិនត្រូវ ប៉ុន្តែបណ្ដាលឲ្យដួលម៉ូតូរងរបួសពេញខ្លួន ផ្អើលដល់សមត្ថកិច្ចពីរខណ្ឌចេញធ្វើអន្តរាគមន៍ដេញចាប់ កាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២០១១ ក្បែរសាលាមតេ្តយ្យសាមគ្គី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេទាំង៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1AP-5822ទើបនឹងចេញមកពីលេងផ្ទះបងក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញនៅឯច្បារអំពៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវនិងកាំភ្លើងមួយដើមមិនស្គាល់ម៉ាកសង្ស័យជាកាំភ្លើងប្រើខ្យល់ ជិះមកកៀរឲ្យពួកគេឈប់រួចទាញដាវកាប់និងដកកាំភ្លើងបាញ់២ទៅ៣គ្រាប់ដោយមិនឮសំឡេងឡើយ សង្ស័យតែកាំភ្លើងប្រើខ្យល់ តែសំណាងល្អពួកជនសង្ស័យបាញ់ពួកគេមិនត្រូវ។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះពួកគេភ័យស្លន់ស្លោបានដួលម៉ូតូរងរបួសពេញខ្លួន រួចក៏នាំគ្នារត់យករួចខ្លួនសិន ខណៈនោះក៏ប្រទះនឹងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យកំពុងល្បាតក្នុងមូលដ្ឋានឃើញហេតុការណ៍នេះក៏នាំគ្នាចេញធ្វើអន្តរាគមន៍ និងសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់ជនសង្ស័យភ្លាមៗ តែជនសង្ស័យបានបំបែកគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានប្រគល់ជនរងគ្រោះនិងម៉ូតូឲ្យទៅកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីធ្វើការសួរនាំបន្ត៕
ដោយ៖សុខាសែនជ័យ