មន្រ្តីបង់ក្លាដែស៖ កំពុងជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ រាប់ពាន់នាក់ទៅលើកោះដាច់ស្រយាលមួយ ដែលជាទីជម្រកថ្មី

ចែករំលែក៖

អន្តរជាតិ​៖​ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ ប្រមាណ៤ពាន់នាក់​ ត្រូវ​បានមន្រ្តីបង់ក្លាដែស កំពុងជម្លៀសទៅលើកោះដាច់ស្រយាលមួយ ដែលជាទីជម្រកថ្មី។ ប៉ុន្តែការជម្លៀសនេះ ក៏រងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សដែលព្រួយបារម្ភពីសុវត្ថិភាពក្ដី។ ក្រុមសិទ្ធិមនុស្សបារម្ភថា កោះដែលនៅសមុទ្របេងកាល់ ប្រឈមមុខគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម។ នេះបើតាមការលើកឡើងរបស់មន្ត្រីបង់ក្លាដែស​ នៅថ្ងៃទី៣ ខែមីនា​ ឆ្នាំ​២០២១។

ជាក់ស្ដែង​មន្រ្តីបង់ក្លាដែស ចាប់តាំងពីដើមខែធ្នូ បានបញ្ជូនជនភាគតិចរ៉ូហ៊ីងយ៉ាជាង១ម៉ឺននាក់ ទៅកាន់កោះ Bhasan Char នៅសមុទ្របេងកាល់។ ពួកគេ ត្រូវបានដឹកពីជំរំនៅតាមព្រំដែនជាមួយមីយ៉ាន់ម៉ាដែលមានជនភៀសខ្លួនសរុបជាងមួយលាននាក់ ហើយរស់នៅក្នុងខ្ទមបាក់បែកតាមជម្រាលភ្នំ។

បើតាមការអះអាងរបស់មន្ត្រីកងទ័ពជើងទឹកបង់ក្លាដែស លោក Rashed Sattar បានឲ្យដឹងនៅថ្ងៃទី៣ ខែមីនា​ ថា៖«ថ្ងៃនេះជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ២២៥៤ នាក់បានទៅដល់លើកោះហើយ។ ថ្ងៃស្អែក យើងរំពឹងថា នឹងបញ្ជូន ១៧០០ នាក់ទៅបន្ថែមទៀត»។

សូមជម្រាបថា​ ទាក់ទងនឹងគម្រោងបញ្ជូនជនភៀសខ្លួននេះដែរ បង់ក្លាដែស ក៏បានរងការរិះគន់ខ្លាំងក្រុមសិទ្ធិមនុស្ស ដែលបារម្ភពីសុវត្ថិភាពរបស់ពួកគេទាក់ទងការប្រឈមមុខគ្រោះធម្មជាតិដ៏សាហាវដូចជាខ្យល់ព្យុះ និងទឹកជំនន់។ ប៉ុន្តែរដ្ឋាភិបាលបង់ក្លាដែស បានច្រានចោលការព្រួយបារម្ភនេះ ដោយបកស្រាយថា ខ្លួនចាត់វិធានការការការពារទឹកជំនន់ សាងសង់លំនៅដ្ឋានសម្រាប់ប្រជាជន ១០ម៉ឺននាក់ ព្រមទាំងមានមន្ទីរពេទ្យ និងមជ្ឈមណ្ឌលការពារព្យុះស៊ីក្លូនផងដែរ។

បើតាមទីភ្នាក់ងារព័ត៌មាន Reutes បានចុះផ្សាយថា​ បង់ក្លាដែស ក៏អះអាងថា ការផ្លាស់ប្តូរទីលំនៅទៅលើកោះដាច់ស្រយាលនេះ ឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែជនភៀសខ្លួនខ្លះដែលបានទៅទីនោះកាលពីដើមខែធ្នូ បាននិយាយថា ជាការបង្ខិតបង្ខំទៅវិញ។​ ខណៈ​ដែល​ការកកកុញនៅតាមជំរំភៀសខ្លួន និងបទល្មើសដែលកើតឡើងជាញឹកញយ ជាមូលហេតុនាំឱ្យរដ្ឋាភិបាលបង់ក្លាដែស គិតគូរផ្លាស់កន្លែងជ្រកកោនរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាងដ៏ច្រើន។

គួរបញ្ជាក់ថា​ បង់ក្លាដែស ត្រូវបានរងការរិះគន់កាន់តែខ្លាំងចំពោះភាពស្ទាក់ស្ទើរក្នុងការពិគ្រោះយោបល់ជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ក៏ដូចជាស្ថាប័នផ្តល់ជំនួយផ្សេងទៀតជុំវិញការជម្លៀសនេះ។ បេីទោះជាបែបនេះក៏ដោយ ប៉ុន្តែ​បង់ក្លាដែសនៅតែបន្តការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបន្ថែមទៅកាន់កោះ Bhasan Char ផងដែរ​៕ដោយ​៖ស​ តារា​

កប៉ាល់បង់ក្លាដែសដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកោះ Bhasan Char

...

រូបថត៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print