ដើមបណ្ដឹងរដ្ឋប្បវេណីដែលជាប់សែស្រឡាយជនជាតិវៀតណាមម្នាក់មកពីខេត្តស្វាយរៀង អ្នកស្រី សៀវ ចាន់ថី បានជម្រាបប្រាប់អង្គជំនុំជម្រះនៅថ្អៃទី១ ខែមីនា ឆ្នាំ ២០១៦ ថា ឪពុករបស់អ្នកស្រី បានធ្វើអត្ដឃាតដោយចងករសម្លាប់ខ្លួនឯងព្រោះដើម្បីការពារកូនៗរបស់ខ្លួនចំនួន ៦ នាក់ ឲ្យរួចផុតពីការយកទៅសម្លាប់។ ដើមបណ្ដឹង
រដ្ឋប្បវេណីរូបនេះបានលើកឡើងថា ឪពុករបស់ខ្លួនបានដឹងជាមុនស្រេចហើយថា លោកនឹងត្រូវបានកម្មាភិបាលខ្មែរក្រហមយកទៅសម្លាប់ ព្រោះលោកបានឃើញគ្រួសារជនជាតិវៀតណាមផ្សេងៗទៀតនៅក្បែរគ្នា ត្រូវបានកម្មា
ភិបាលខ្មែរក្រហម យកទៅធ្វើបាបនិងសម្លាប់។ អ្នកស្រីបានថ្លែងថា ឪពុកអ្នកស្រីប្រាប់មុនពេលស្លាប់ថា ការដែលគាត់ធ្វើអត្តឃាត គឺដើម្បីកូនរស់។
ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះបន្ដថា កម្មាភិបាលខ្មែរក្រហមក៏បានវាយធ្វើបាប បងប្រុសរបស់អ្នកស្រីនឹងដំបងឫស្សី ដោយពួកគេចោទបងប្រុសរបស់អ្នកស្រីជាខ្មាំង ក្រោយពេលបងអ្នកស្រី ធ្វើឲ្យសត្វគោមុតជើង។ ពាក់
ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញលើជនជាតិវៀតណាមនៅកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យវិញ ដើមបណ្ដឹងរដ្ឋប្ប
វេណីមកពីខេត្ដស្វាយរៀង អ្នកស្រី សៀង ចាន់ថី បានជម្រាបទៅអង្គជំនុំជម្រះថា គ្រួសាររបស់អ្នកស្រីត្រូវបានគេធ្វើបាបយ៉ាងខ្លាំងបំផុតនៅក្នុងសម័យខ្មែរក្រហម។
ចំណែកដើមបណ្ដឹងរដ្ឋប្បវេណីដែលជាប់សែស្រឡាយជនជាតិវៀតណាមមួយរូបផ្សេងទៀត គឺអ្នកស្រី ខូង មួយ អាយុ ៥៨ ឆ្នាំ មកពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជម្រាបទៅអង្គជំនុំជម្រះថា ដោយសារតែឪពុកម្ដាយរបស់អ្នកស្រីជាជនជាតិចិន វៀតណាម កម្មាភិបាលខ្មែរក្រហមបាននាំយកទៅសម្លាប់ចោលទាំងអស់។ អ្នកស្រីបន្ថែមថា បងប្អូនរបស់អ្នកស្រីក៏ត្រូវបានគេយកទៅវាយសម្លាប់ចោលផងដែរ ។ អ្នកស្រីថា អ្នកស្រីមានការឈឺចាប់បំផុត នៅ ពេលអ្នកស្រីរំលឹករឿងនេះឡើងវិញ។
អ្នកស្រីបានរៀបរាប់ថា អ្នកស្រីបានស្នើសុំអ្នកគ្រប់គ្រងនៅកងចល័ត ទៅលេងផ្ទះ ប៉ុន្ដែអ្នកស្រីថា ពេលទៅដល់ផ្ទះ ផ្ទះរបស់អ្នកស្រីមានសភាពស្ងាត់ជ្រងំគ្មានមនុស្សនៅ។ អ្នកស្រីបន្ដថា អ្នកស្រីបានអង្គុយរង់ចាំរហូតដល់ល្ងាចទើបមានអ្នកជិតខាងលួចខ្សឹបថា ឪពុកម្ដាយរបស់អ្នកស្រីត្រូវបានគេយកទៅសម្លាប់ចោលអស់ហើយ ដោយចោទប្រកាន់ថា យួន ចិន និយាយខ្មែរអត់ច្បាស់។ អ្នកស្រីបន្ថែមថា អ្នកស្រីយំរហូតពេញមួយយប់ ហើយភ្លឺឡើងអ្នកស្រីក៏ត្រលប់ទៅកងចល័តវិញ និងយករឿងនេះទៅប្រាប់ប្អូនប្រុសរបស់អ្នកស្រីវិញ។ ប៉ុន្ដែអ្នកស្រីថា ពេលទៅរកប្អូនប្រុស អ្នកស្រីក៏មិនបានជួបទៀត។ អ្នកកងចល័តបានលួចខ្សឹបប្រាប់ថា ប្អូនប្រុសរបស់អ្នកស្រីត្រូវបានគេយកទៅកងចល័តសេរីបាត់ហើយ។
អង្គជំនុំជម្រះសាលាដំបូងបានបន្តស្តាប់ការថ្ឡែងទុក្ខសោកវេទនារបស់ដើមបណ្តឹងរដ្ឋប្បវេណីទី៥ គឺលោក អ៊ូច ស៊ុនឡាយ ដោយលោកបានជម្រាបដល់អង្គជំនុំជម្រះថាលោកបានបាត់បង់សមាជិកគ្រួសារចំនួន ១៣ នាក់ ក្នុងនោះមានប្រពន្ធរបស់លោកជាប់សែស្រឡាយវៀតណាម និងកូនបីនាក់របស់លោកផងដែរ។ ការថ្លែងពីទុក្ខវេទ នារបស់លោកអ៊ូច ស៊ុន ឡាយ នឹងត្រូវបន្តនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៦។ សុខ ខេមរា