មន្ត្រីមីយ៉ាន់ម៉ាបានស្នើដល់ភាគីឥណ្ឌា ឲ្យបញ្ជូនកម្លាំងប៉ូលិសដែលបានភៀសខ្លួនទៅទីនោះ ដោយមិនទទួលបទបញ្ជាពីកម្លាំងយោធា ។ តាមការលើកឡើងរបស់ស្នងការប៉ូលិសស្រុក Champhai រដ្ឋ Mizoram លោក Maria C.T Zuali បានឲ្យដឹងថា យោធាមីយ៉ាន់ម៉ា បានស្នើឱ្យបញ្ជូនបូលិស ៨នាក់ ត្រឡប់មកវិញដើម្បីជាការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងលិខិតដែលមន្ត្រីយោធាមីយ៉ាន់ម៉ាផ្ញើទៅកាន់ឥណ្ឌាបានបញ្ជាក់ថា កម្លាំងប៉ូលិស៨នាក់ ដែលបានឆ្លងដែនចូលទៅប្រទេសឥណ្ឌា ដោយមិនគោរពតាមបទបញ្ជានោះ មានអាយុចាប់ពី២២ដល់២៥ឆ្នាំ ក្នុងនោះមាន ប៉ូលិសស្រីម្នាក់។
នៅក្នុងលិខិតដែលយោធាមីយ៉ាន់ម៉ាបានផ្ញើទៅឥណ្ឌា សរសេរថា«ដើម្បីរក្សាទំនាក់ទំនងមិត្តភាពឱ្យល្អប្រសើររវាងប្រទេសជិតខាងទាំងពីរ សូមអស់លោកចាប់ខ្លួនមន្ត្រីប៉ូលិស៨នាក់របស់ប្រទេសមីយ៉ាន់ម៉ា ដែលមិនគោរពបទបញ្ជា ហើយភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា»។
សារព័ត៌មានរ៉យទ័របានទំនាក់ទំនង ទៅកាន់ក្រសួងមហាផ្ទៃឥណ្ឌា និងក្រសួងការបរទេស ដោយមន្ត្រីទាំងពីរស្ថាប័នមិនលើកឡើងពីបញ្ហាខាងលើនោះឡើយ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ូលិសមីយ៉ាន់ម៉ាប្រមាណ៣០នាក់ រួមទាំងសមាជិកក្រុមគ្រួសារ បាន ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា ក្រោយកម្លាំងយោធាប្រើហិង្សាបំបែកក្រុមបាតុករ ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មានបាតុករមីយ៉ាន់ម៉ា ៥៤នាក់ស្លាប់ និងជាង១៧០០នាក់ត្រូវទាហានចាប់ខ្លួន៕ ដោយ សាធី
រូបភាព៖ AP