ក្រុម​អ្នកវិទ្យាសាស្ត្រ​ចំនួន​២៦​រូប៖ ចុះហត្ថលេខា​ង​លើ​លិខិត​ចំហ​មួយ​ទៅ​ WHO ទាមទារ​ឲ្យ​បើកស៊ើបអង្កេត​ជាថ្មី​ចំពោះ​ប្រភព​នៃ​ជំងឺ​កូ​វីដ​-១៩​

ចែករំលែក៖

អន្តរជាតិ​៖​ ខណៈដែល​អង្គការ​សុខភាព​ពិភពលោក​(WHO)​ ពន្យារពេល​ក្នុង​ចេញផ្សាយ​នូវ​របាយការណ៍​បឋម​ចំពោះ​ប្រភព​នៃ​ជំងឺ​កូ​វីដ​-១៩​ បន្ទាប់ពីខ្លួន​បាន​ស៊ើបអង្កេត​រួចរាល់​កាលពី​ខែកុម្ភៈ​ កន្លងទៅ​។ ស្រាប់​តែ​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ និង​អ្នកវិទ្យាសាស្ត្រ​ចំនួន​២៦​រូប បាន​ចុះហត្ថលេខា​ង​លើ​លិខិត​ចំហ​មួយ​នៅ​ថ្ងៃទី​៤ ខែមីនា ជូនទៅ​អង្គការ​WHO​ ដេីម្បីទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ជាថ្មី​ នៃប្រភព​​ជំងឺមួយនេះ​។​ មិនតែប៉ុណ្ណោះ​ ក្រុម​អ្នកជំនាញ​ទាំងនេះ អះអាង​ថា​ ​អ្នកជំនាញ​កោសល្យ​វិ​ច្ឆ័​យ​គួរ​ណាស់​តែ​ធ្វើការ​ស៊ើបអង្កេត​លើ​ប្រភព​នៃ​ជំងឺ ជំនួស​ឲ្យ​WHO​។​

បេីតាមការលេីកឡេីងនៅ​ក្នុង​លិខិត​ចំហ​ ដែល​ផ្ញើ​​ទៅកាន់​WHO​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «​យើង​សន្និដ្ឋានថា​ក្រុមការងារ​រួម​មិនមាន​អំណាច ឯករាជ្យភាព និង​ការទទួលបាន​ដោយ​ពេញលេញ​ក្នុង​ការធ្វើ​ស៊ើបអង្កេត​ដោយ​គ្មាន​ការ​រឹតត្បិត ស្តីពី​សម្មតិកម្ម​ពាក់ព័ន្ធ​ទាំងអស់​នៃ​វី​រ៉ុ​ស​SARS-CoV-2 និង​ថា​តើ​ចេញពី​ធម្មជាតិ​ឬ​ឧបទ្ទវ​ហេតុដែល​ចេញពី​មន្ទីរពិសោធន៍​ឬ​យ៉ាងណា​»​។

ជាក់ស្ដែង​បេសកកម្ម​នេះ ក៏​រង​ការរិះគន់​ផងដែរ​ចំពោះ​ពឹង​ផ្អែកលើ​ទិន្ន័យ​ដែល​ផ្តល់​ដោយ​អ្នកវិទ្យាសាស្ត្រ​ចិន​។​ បន្ទាប់ពី​​អ្នកវិទ្យាសាស្ត្រ​ទាំងនោះ​ អះអាងថា​ ​ចិន​បដិសេធ​ក្នុងការ​ផ្តល់​សំណាក​សំខាន់ៗ​ដល់​ក្រុម​អ្នកជំនាញ​អន្តរជាតិ​របស់​WHO ហើយ​បន្ថែមថា​សម្ពាធ​ពី​បក្ស​កុម្មុយនីស្ត​ចិន​ប្រហែលជា​អាច​កំណត់​ឯករាជ្យភាព​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​ក្នុងការ​ធ្វើការ​ជាមួយ​អ្នកជំនាញ​WHO​។

​បេីតាមលោក​​Colin Butler អ្នកស្រាវជ្រាវ​ នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​ ទាក់ទងនឹង​បញ្ហានេះដែរ​ បាននិយាយថា​ ​បញ្ហានយោបាយ​បាន​បិទបាំង​ការស៊ើបអង្កេត​នេះ​។ អ្នកស្រាវជ្រាវរូបនេះ​ បន្តថា​ ​នយោបាយ​មាននៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​វា​អាក្រក់​ដោយសារ​ជំងឺ​នេះ​ផ្ទុះ​នៅ​ប្រទេស​ចិន​។ លោ​កថា​រដ្ឋាភិបាល​ចិន មាន​ជំហរ​ការពារ​ខ្លាំងណាស់​។​

​ដោយឡែក​បេីយោងតាម​សារព័ត៌មាន​អូស្ត្រាលី The Age ចុះផ្សាយ​នៅ​ថ្ងៃទី​៥ ខែមីនា​ ដោយដកស្រង់សម្តីអ្នកស្រាវជ្រាវ​អូស្ត្រាលី​មួយរូប​ទៀត​ គឺលោក​Nikolai Petrovsky ក៏បាននិយាយដែរថា នាពេលនេះ​សាធារណៈជន​ពុំមាន​ព័ត៌មាន​អ្វី​ស្តីពី​ជំងឺ​កូ​វីដ​-១៩​ច្រើនជាង​ពេល​ជំងឺ​នេះ​ផ្ទុះ​កាលពី​១​ឆ្នាំមុន​ឡើយ​។ លោក​ថា​ការស៊ើបអង្កេត​របស់​WHO​បង្ហាញ​ពី​ភាពចាំបាច់​ក្នុង​ការបង្កើត​រចនាសម្ព័ន្ធ កិច្ចព្រមព្រៀង​ឬ​សន្ធិសញ្ញា​អន្តរជាតិ ឬ​ស្ថាប័ន​ថ្មី​មួយទៀត​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ខាងលើនេះ​។

​បន្ថែមពីនេះ​លោក​Petrovsky បន្តថា ​អង្គការ​សុខភាព​ពិភពលោក​ មិនមែនជា​ស្ថាប័ន ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ស្រាវជ្រាវ​ពី​ប្រភព​នៃ​ជំងឺ​ឡើយ​។ លោក​ បន្តថា WHO៖​ គ្រាន់តែ​ជា​ស្ថាប័ន​ទទួលបន្ទុក​សុខភាព​សាធារណៈ និង​មិនមែនជា​ស្ថាប័ន​ស៊ើបអង្កេត​បែប​កោសល្យ​វិ​ច្ឆ័​យ​ឡើយ​។​

​សូមជម្រាបថា​ ចំពោះបេសកកម្ម​WHO និង​អ្នកវិទ្យាសាស្ត្រ​ចិន បានធ្វើ​បទ​បង្ហាញ​ដំបូង​នៅ​ខែកុម្ភៈ​ស្តីពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​។ គ្រានោះ លោក Liang Wannian ដែល​ដឹកនាំ​ក្រុមការងារ​អ្នកវិទ្យាសាស្ត្រ​ចិន​ក្នុង​បេសកកម្ម​រួមជាមួយ WHO និយាយថា ក្រុម​អ្នកជំនាញ​មិនទាន់​រកឃើញ​សត្វ​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ មុន​ចម្លង​ទៅ​មនុស្ស​ឡើយ​។ លោក Liang អះអាងថា ការសិក្សា​ក៏​បង្ហាញ​ដែរ​ថា មេរោគ​អាច​ស្ថិតក្នុង​របស់​ត្រជាក់​ដែល​នាំចូល​ពី​ទី​ឆ្ងាយ ហើយ​ជំងឺ​កូ​វីដ​-១៩​ពុំបាន​ឆ្លង​សាយភាយ​ក្នុង​ក្រុង​វូ​ហាន មុន​ខែធ្នូ ឆ្នាំ​២០១៩​ឡើយ​។​

​ជាមួយគ្នានេះ​ អ្នកជំនាញ​WHO​ លោក​Ben Embarak នា​សន្និសីទ​ដដែល លោក Embarak ក៏​បាននិយាយថា ការ​ធ្លាយ​វីរុស​ពី​កន្លែង​ពិសោធ​នៅ​វូ​ហាន ក៏​មិនអាច​កើតឡើង​ដែរ​។ ដូចនេះ បើតាម​លោក Embarak អ្នកជំនាញ​មិន​ពិចារណា​លើ​សម្មតិកម្ម​នេះឡើយ​។​

ចំណែក​ការបដិសេធ​សម្មតិកម្ម​មួយចំនួន​ដែល​ឈានដល់​ការផ្ទុះ​ឡើង​នៃ​ជំងឺ ក៏​ជា​ចំណុច​មួយ​ដែល​បានលើកឡើង​ក្នុង​លិខិត​នោះដែរ​។ ជាក់ស្តែង​លោក​Petrovsky បានបញ្ជាក់បន្ថែមថា​ បើ​គេ​ជឿថា​សកម្មភាព​របស់​ម​នុស្ស​មួយចំនួន​អាចពាក់ព័ន្ធ​ទៅនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ នោះគេ​ត្រូវយក​លទ្ធភាព​ទាំង​នោះមក​ពិចារណា​។ អ្នកស្រាវជ្រាវ​អូស្ត្រាលី​រូបនេះ​ ក៏បានសង្កត់ធ្ងន់ថា មាន​សម្មតិកម្ម​ជាច្រើន​ដែល​ត្រូវ​យកមក​វិភាគ ហើយ​មកដល់ពេលនេះ​លោក​ពុំ​ទទួលបាន​ការវិភាគ​បែប​វិទ្យាសាស្ត្រ​ណាមួយ​ដែល​ឈានដល់​ការលុបចោល​នៃ​សម្មតិកម្ម​ទាំង​នោះឡើយ​៕ដោយ​៖ស​ តារា​

...

រូបភាព​៖​ ការបង្ហាញរបស់WHO_និងអ្នកវិទ្យាសាស្ត្រចិនក្រោយបញ្ចប់បេសកកម្មនាខែកុម្ភៈកន្លងទៅនេះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print