ខេត្តបាត់ដំបង÷ ស្ត្រីម្នាក់ជាជនជាតិថៃបានលួចឆ្លងដែនដោយខុសច្បាប់ចូលទឹកដីស្រុកសំពៅលូន ប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ បន្ទាប់ពីសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២១នេះបាននាំខ្លួនស្រ្តីជាជនបរទេសម្នាក់នេះទៅអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃដើម្បី បញ្ជូនបន្តទៅកាន់ប្រទេសកំណើតវិញក្រោយបានលួចឆ្លងដែនចូលមកក្នុងទឹកដីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រទេសកម្ពុជាកាលពីកន្លងមកថ្មីៗនេះ។
ស្រ្តីម្នាក់ជាជនបរទេសខាងលើមានឈ្មោះ ខុងក្រាថូក សុផា អាយុ២៦ឆ្នាំ ជាជនជាតិថៃ មានទីលំនៅក្នុងខេត្តស្រះកែវ ប្រទេសថៃបានលួចឆ្លងដែនចូលមកប្រទេសកម្ពុជាដោយមិនមានឯកសារត្រឹមត្រូវ ហេីយត្រូវបានសមត្ថកិច្ចនគរបាលច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូនសាកសួរ និងនាំខ្លួនបញ្ជូនទៅចូលធ្វេីចត្តាឡីស័កតែម្តងស្របតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូងីដ- ១៩របស់ក្រសួងសុខាភិបាលកម្ពុជា។
ស្ត្រីម្នាក់ជាជនជាតិថៃរូបនេះក្រោយបញ្ចប់ការអនុវត្តធ្វើចត្តាឡីស័កមិនមានជម្ងឺកូវីដ-១៩ រួចតម្រូវផាកពិន័យស្របតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល និងចុងក្រោយបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដេីម្បីចាត់ការតាមផ្លូវច្បាប់ជាធរមាន៕