រថយន្តហាយប្រ៊ីដបើកបរយ៉ាងលឿនទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ ឯអ្នកបើករថយន្តបង្កហេតុបានចុះរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថា្នក់ចរាចរណ៍មួយដែលបានកើតឡើងរវាងរថយន្តបុកគ្នាជាមួយម៉ូតូយ៉ាងពេញទំហឹងខណៈបើកបរបញ្ច្រាសទិសគ្នារួចហើយអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមនុស្សម្នាក់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៤៖៣០នាទីថ្ងៃទី០៧ ខែមីនាឆ្នាំ២០២១  ត្រង់ចំណុចទួលស្បូវស្ថិតក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ​។ 

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថាជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងកើតហេតុនោះឈ្មោះ វ៉ន វិត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ.ឃុំខាងលើ បើកបរម៉ូតូមិនស្គាល់ម៉ាកអត់ស្លាកលេខនិងថែមទាំងមិនមានពាក់មួកសុវត្ថិភាពទៀតផង។

រីឯជនបង្កជាអ្នកបើកបររថយន្តឈ្មោះជ័យ ឃុនអ៊ាង ភេទប្រុស​ អាយុ៣៤ឆ្នាំ  ជនជាតិខ្មែរ រស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបើកបររថយន្តកាមរីហាយប្រ៊ីដពាក់ស្លាកលេខភ្នំពេញ2BC-0665បញ្ច្រាសទិសពីជើងទៅត្បូង។

បន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តក៏បានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានចុះពិនិត្យកន្លែងកើតហេតុនិងប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ឯវត្ថុតាងបង្ករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោគរង់ចាំដោះស្រាយតាមក្រោយ៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print