លោក Joan Laporta ត្រូវបានតែងតាំងជាប្រធានក្លិប Barcelona ជាលើកទី២បន្ទាប់ពីឈ្នះការបោះឆ្នោតនៅក្លិបកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ មីនានេះ។
លោក Laporta ដែលមានការសន្យាសំខាន់គឺរក្សា Lionel Messiនៅក្នុងក្លិបដដែលបានឈ្នះការបោះឆ្នោតដោយសំឡេងច្រើនជាង៥៤% ។ បុរសវ័យ៥៨ឆ្នាំដែលធ្លាប់តែងតាំងលោក Pep Guardiola ជាគ្រូបង្វឹកនៅក្នុងការប្រកបពីមុនរបស់គាត់នៅក្លិបចន្លោះឆ្នាំ២០០៣-២០១០ ជំនួសលោក Josep Maria Bartomeu ដែលបានលាឈប់កាលពីខែតុលា។
នៅក្នុងការបោះឆ្នោតនោះលោក Victor Font ទទួលបានចំណាត់ថ្នាក់លេខ២ដោយទទួលបានសំឡេងគាំទ្រ៣០% និងលោក Toni Freixaទទួលបានចំណាត់ថ្នាក់លេខ៣ ។
ក្លិប Barcelona បានចេញសេចក្តីប្រកាសថា សំឡេង៥៥.៦១១ក្នុងចំណោមសមាជិកមានសិទ្ធិចូលរួម ១០៩.៥៣១សំឡេងរបស់ខ្លួនបានបោះឆ្នោតក្នុងការបោះឆ្នោតដែលត្រូវបានពន្យារពេលចាប់ពីខែមករាដោយសារការឆ្លងជំងឺកូវីដ–១៩នៅតំបន់ Catalonia ។
លោក Laporta បានចុះហត្ថលេខាលើតារាឆ្នើមប្រេស៊ីល Ronaldinho និងអតីតខ្សែប្រយុទ្ធកាមេរ៉ូន Samuel Eto’o ក្នុងតំណែងជាប្រធានក្លិបដំបូងដោយក្លិបនេះឈ្នះជើងឯក Champions League ២ដង La Liga៤ដង និង Copa del Rey ម្តង។
ខ្សែប្រយុទ្ធ Messi ក៏បានលេចមុខជាតារាពិភពលោកក្នុងកំឡុងពេលនោះហើយស្ថិតក្នុងចំណោមកីឡាករបច្ចុប្បន្នរបស់ Barcelona ជាច្រើននាក់ដែលត្រូវចូលរួមបោះឆ្នោត។ ចំពេលមានការប្រារព្ធពិធីស្រាសាំប៉ាញនៅល្ងាចថ្ងៃអាទិត្យ លោក Laporta បានស្រែកថា “ឥឡូវយើងទៅប៉ារីសហើយមើលថាតើយើងអាចធ្វើឱ្យមានការវិលត្រឡប់មកវិញបានទេ!ឃើញ Messi ទៅបោះឆ្នោតដែលជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកបោះឆ្នោតជាមួយកូនប្រុសរបស់គាត់សម្រាប់ខ្ញុំនេះ បង្ហាញនូវអ្វីដែលយើងបាននិយាយជាមួយគ្នាថា Messi ស្រឡាញ់ Barcelona ថាយើងទាំងអស់គ្នាជាគ្រួសារដ៏ធំមួយសង្ឃឹមថា ជួយគាត់ឱ្យនៅណាដែលជាអ្វីដែលយើងទាំងអស់គ្នាចង់បាន”។
សូមបញ្ជាក់ថា ក្រុម Barcelona ត្រូវប្រឈមមុខនឹងក្រុម Paris Saint-Germain នៅថ្ងៃពុធនេះក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយសម្រាប់ជើងទី២ ដែលការប្រកួតជើងទី១ ក្រុម Barcelona បានប្រកួតចាញ់ក្រុម Paris Saint-Germain ក្នុងលទ្ធផល៤ទល់១ ៕ដោយ៖ភារៈ