យោងតាមទិន្នន័យចុងក្រោយក្រុម Barcelona គឺជាក្រុមដែលកំពុងប្រជែងក្នុងការឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅថ្ងៃទី៨ មីនានេះ។ ការប្រកួតកាលពីថ្ងៃអាទិត្យរវាងក្រុម Atletico Madrid និង Real Madrid នៅកីឡដ្ឋាន Wanda Metropolitano ដោយលទ្ធផលស្មើគ្នា ១ទល់១ មានន័យថា ក្រុមរបស់លោក Ronald Koeman កាន់តែខិតជិតទៅរកពិន្ទុខ្ពស់ជាងគេក្នុងតារាងលីកកំពូលអេស្ប៉ាញ។ ពេលនេះក្រុម Barcelona កំពុងឈរនៅពីក្រោយក្រុម Atletico Madrid ចំនួន៣ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុម Real Madrid កំពុងតែដេញតាមគូប្រជែងក្នុងចំណាត់ថ្នាក់លេខ៣ដែលចាញ់៥ពិន្ទុពីក្រុមកំពូលតារាង Atletico Madrid ដែលនៅសល់១ប្រកួតក្នុងដៃ។ បើយោងតាមគេហទំព័រ fivethirtyeight.com បានឱ្យដឹងថា ពេលនេះក្រុម Barcelona មានឱកាស៤៣ ភាគរយក្នុងការឈ្នះពានរង្វាន់នេះ។ នោះបើប្រៀបធៀបទៅនឹង៤០ភាគរយសម្រាប់ក្រុម Atletico Madrid និង១៤ភាគរយសម្រាប់ក្រុមការពារតំណែងជើងឯក Real Madrid ៕ ដោយ៖ ភារៈ