ខេត្តកណ្ដាល៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលបើកម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ត ហើយត្រូវកង់រថយន្តនោះកិនស្លាប់តែម្ដង។ ករណីនេះបានកើតឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៥០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ចាន់ថា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ)បើកម៉ូតូម៉ាក Zoomer ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ កណ្ដាល1AE-5917។ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្តីរងគ្រោះខាងលើមានឈ្មោះ អូន ចាន់ថា បានបើកម៉ូតូមួយគ្រឿងម៉ាក Zoomer ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ កណ្ដាល1AE-5917 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) លុះមកដល់កន្លែងកើតហេតុ ក៏បានប៉ះជាមួយដៃចង្កូតម៉ូតូមួយគ្រឿងទៀតដែលមិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញ្ញាណ ហើយក៏បានដួលខ្ទាតទៅចូលក្រោមកង់រថយន្ដមួយគ្រឿងទៀត ដែលបើកបរច្រាសទិសគ្នា ក៏ត្រូវកង់រថយន្តនោះកិនបណ្ដាលឱ្យអ្នកបើកបរម៉ូតូ zoomer ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយពីបានទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូទាំងពីរគ្រឿងមានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងល្បឿនលឿន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕
ស្អាងជ័យ