ភ្នំពេញ, ប្រទេសកម្ពុជាក៏បានរៀបចំយុទ្ធនាការទិវាអន្តរជាតិ ៨មីនា ជារៀងរាល់ឆ្នាំផងដែរ ក្នុងគោលបំណងរំលឹក ពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានបន្តរំលេចពីតម្លៃនៃសមភាពយេនឌ័រ ដែលបាននិងកំពុងគាំទ្រជំរុញអោយមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ស្ដ្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធ ស្ថានភាព ឋានៈ តួនាទីរបស់ស្រ្ដី និងសុខុមាភាពសង្គមដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព ។
ក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២១ ក្រោមប្រធានបទ ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ នេះ គឺស្របពេលពិភពលោក បាននិងកំពុងទទួលរងនូវការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការយ៉ាងហ្មត់ចត់ និងម៉ឺងម៉ាត់ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩នេះ និងបានធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងទាន់ពេលវេលា ព្រមទាំងបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានឱ្យស្ថិតក្នុងរង្វង់ដែលអាចគ្រប់គ្រងបានតាមរយៈ ការដាក់ចេញនូវវិធានការចាំបាច់ ខាងផ្នែកសង្គម សេដ្ឋកិច្ចជាបន្តបន្ទាប់។ វិធានការទាំងនេះ បាននឹងកំពុងឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ពិសេសតាមរយៈគោលនយោបាយជាតិគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការផ្លត់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ សេវាកម្ម និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទានពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធន់តូច និងមធ្យមជាដើម៕
ដោយ, សិលា