អន្តរជាតិ៖ បើតាមលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្របគ្នាកិច្ចប្រជុំសភានៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ថា៖ ចិន និងឥណ្ឌា ត្រូវការជួយគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដើម្បីសម្រេចភាពជោគជ័យរួមគ្នា ជាជាងបំផ្លាញ និងដាក់ការសង្ស័យទៅវិញទៅមក។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះ ថ្លែងបន្តថា លោកចាត់ទុកទំនាក់ទំនងរវាងចិន និងឥណ្ឌា ជារឿងសំខាន់ណាស់ក្នុងការស្វែងរកការអភិវឌ្ឍប្រទេសទាំងពីរ។ ជាក់ស្ដែងសម្រាប់លោក វ៉ាង យី ប្រទេសទាំងត្រូវធ្វើកំណែទម្រង់រួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ព្រោះប្រទេសទាំងពីរមិនជាសត្រូវនឹងគ្នាឡើយ។
លោកទីប្រឹក្សារដ្ឋចិនរូបនេះ បានអះអាងនៅក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ យ៉ាងដូច្នេះថា៖«ចិន និងឥណ្ឌា ជាមិត្ត និងដៃគូទៅវិញទៅមក មិនមែនគំរាមកំហែង ឬគូប្រជែងឡើយ»។
ជាមួយគ្នានេះលោក វ៉ាង យី ក៏ឆ្លៀតរំឭកទៅកាន់រដ្ឋាភិបាលឥណ្ឌាដែរថា ទំនាស់ព្រំដែនរវាងចិន និងឥណ្ឌា មានតាំងពីប្រវត្តិសាស្ត្រមកម្លេះ ប៉ុន្តែវាមិនមែនជាបញ្ហាទាំងស្រុងក្នុងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរឡើយ។ បន្ថែមពីនេះប្រមុខការទូតចិន ស្នើឱ្យប្រទេសទាំងពីរ ត្រូវគ្រប់គ្រងភាពខុសគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីអាចឈានទៅដល់ការដោះស្រាយបញ្ហាព្រំដែន។
សូមរម្លឹកថា ក្រុងប៉េកាំង និងក្រុងញូវដែលី តែងតែប្រឈមមុនដាក់គ្នាលើបញ្ហាព្រំដែន ដែលមានប្រវែងជាង ៣ពាន់គីឡូម៉ែត្រ។ ជាក់ស្ដែងនៅក្នុងខែមិថុនា ឆ្នាំ២០២០ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នា ដែលបង្កឱ្យភាគីទាំងសងខាងមានភាគីស្លាប់ជាច្រើននាក់។
ដោយឡែកជុំវិញបញ្ហានេះដែរ លោក វ៉ាង យី បានចង្អុលបង្ហាញថា ការប៉ះទង្គិចនៅតំបន់ព្រំដែន បានបង្ហាញពីជម្លោះប្រដាប់អាវុធដែលមិនអាចដោះស្រាយទំនាស់បានទេ ហើយមានតែកិច្ចចរចាដោយសន្តិភាពប៉ុណ្ណោះ ទើបអាចដោះស្រាយជម្លោះព្រំដែនទាំងនោះបាន។
សូមជម្រាបថា ចិន និងឥណ្ឌាសុទ្ធសឹងជាប្រទេសមានប្រជាជនច្រើនជាង១ពាន់លាននាក់ដូចគ្នា លោក វ៉ាង ក៏លើកឡើងពីកិច្ចសហប្រតិបត្តិទៅមក ដែលចែករំលែកលើផលប្រយោជន៍រួមគ្នាជាច្រើន និងមានសក្តានុពលដ៏ខ្លាំងក្នុងការសហការ។ ក្នុងន័យនេះ ប្រទេសយក្សអាស៊ីទាំងពីរ មានបេសកកម្មរួមគ្នា ក្នុងការកែប្រែជីវភាពរបស់ប្រជាជន និងពន្លឿនការអភិវឌ្ឍប្រទេស។
គួរបញ្ជាក់ថា កងទ័ពចិន និងឥណ្ឌា កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដកចេញចប់សព្វគ្រប់ហើយនៅតំបន់បឹង Pangong នៅលើជួរភ្នំហិមាល័យ។ បន្ទាប់ពីការដកកងទ័ពនេះ មេបញ្ជាការកងទ័ពប្រទេសទាំងពីរ បានជួបគ្នាបន្តទៀត ដើម្បីចរចាដកកងទ័ពនៅតំបន់ជម្លោះក្នុងតំបន់ផ្សេងទៀត៕ដោយ៖ស តារា
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន
រូបភាព៖ឯកសារ យោធាចិន និងឥណ្ឌា នៅព្រុំដែនកាលពីកន្លងទៅ