ខេត្តកណ្តាល, រសៀលថ្ងៃអង្គារ៍ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារពាក់ព័ន្ធ សួរសុខទុក្ខ និងជូនដំណើរ បងប្អូនក្មួយៗ ជាបុគ្គលិកបម្រើការងារនៅ ភោជនីយដ្ឋាន ឡូហ្សិក ចំនួន៩២នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយពីបានធ្វើតេស្តសំណាកទទួលបានលទ្ធផលអវិជ្ជមាន និងបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅក្នុងសាលាបឋមសិក្សា ព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។
លោក អភិបាលខេត្ត បានណែនាំសូមបងប្អូនទាំងអស់គ្នាដែលបានវិលត្រលប់ទៅរស់នៅជួបជុំក្រុមគ្រួសារវិញ សូមបន្តចូលរួមសហការ គោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។
-៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕
ដោយ, សិលា