ចំពោះស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកម្លាំងយោធាមីយ៉ាន់ម៉ា ក៏បានប្រើហិង្សាដើម្បីបង្ក្រាបក្រុមបាតុករផងដែរ។ ទាំងនោះហើយអាចបង្កឲ្យមានជនភៀសខ្លួនជាច្រើនទៅកាន់ប្រទេសជិតខាង ក្នុងនោះមានប្រទេសថៃជាដើម។
ស្ថានភាពខាងលើអាចនឹងបង្កឲ្យមានជនភៀសខ្លួននយោបាយកាន់តែច្រើនទៅកាន់ប្រទេសជិតខាងជាប់ព្រំដែនមានឥណ្ឌា និងថៃ ។ រដ្ឋាភិបាលថៃ បានប្រកាសថា នឺងជួយដល់ជនភៀសខ្លួនមីយ៉ាន់ម៉ាដែលចូលមកប្រទេសថៃ ។
សារព័ត៌មាន The Irrawaddy បានផ្សាយថា ថៃបានត្រៀមលក្ខណៈទទួលជនភៀសខ្លួនមីយ៉ាន់ម៉ា ដោយបានបង្កើតទីតាំងនៅព្រំដែន ។ កាលពីថ្ងៃទី ៨ខែមីនា អគ្គមេបញ្ជាការកងទ័ពថៃ លោក Narongphan Chitkaewtae បានទៅកាន់ទីតាំង សន្តិសុខការពារព្រំដែន ស្ថិតនៅក្នុងខេត្ត Mae Hong Son និង Tak ដើម្បីត្រៀមលក្ខណៈទប់ស្កាត់ជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា ។
នៅពេលនេះ ខេត្ត Tak របស់ថៃ បានបង្កើតជំរំចំនួន៧នៅក្នុងស្រុក Mae Sot, Tha Song Yang, Mae Ramat និង Phob Phra ធ្លាប់ជាទីតាំងសម្រាប់ជនភៀសខ្លួនមីយ៉ាន់ម៉ា កាលពីអតីតកាល។ទីតាំងទាំងនោះអាចឲ្យជនភៀសខ្លួនស្នាក់នៅបាន ២០០០នាក់ ។
ជាមួយគ្នានេះដែរ នៅព្រំដែនប្រទេសឥណ្ឌាវិញ មន្ត្រីក្នុងតំបន់បានរៀបចំកន្លែងស្នាក់នៅជូនជនភៀសខ្លួនមីយ៉ាន់ម៉ា។ កន្លងមក មានជនភៀសខ្លួនមីយ៉ាន់ម៉ាជាច្រើនបានទៅកាន់ប្រទេសឥណ្ឌា ក្នុងនោះមានទាំងកម្លាំងប៉ូលិស ដែលមិនស្តាប់តាមការបញ្ជារបស់យោធាផងដែរ៕ ដោយ សាធី
រូបភាព៖ VTC