​អាមេរិក៖​ ពលរដ្ឋណា​ដែល​ទទួលបានវ៉ាក់សាំងពេញលេញ នឹងត្រូវអនុញ្ញាតឲ្យជួបជុំទ្រង់ទ្រាយតូច និងមិនបាច់ពាក់ម៉ាស់

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការអះអាងពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា បុគ្គលដែលបានទទួលវ៉ាក់សាំងកូវីដ-១៩​ ពេញលេញ (គ្រប់ដូស) អាចជួបជុំគ្នាក្នុងទម្រង់តូចនៅទីតាំងខាងក្នុងបានដោយមិនចាំបាច់ពាក់ម៉ាស់។ ប៉ុន្តែមិនគួរធ្វើដំណើរក្នុងករណីមិនចាំបាច់ និងបន្តពាក់ម៉ាស់នៅទីសាធារណៈ។ ជាក់ស្ដែង​អាជ្ញាធរសុខាភិបាលអាមរិក កាលពីពាក់កណ្តាលខែកុម្ភៈ​ ឆ្នាំ​២០២១ ក៏អនុញ្ញាតឲ្យអ្នកដែលទទួលវ៉ាក់សាំងហើយ អាចមិនចធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បើសិនជាមិនមានរោគសញ្ញា។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក បានសង្កត់ធ្ងន់ថា អ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២ដូសរួចហើយ អាចជួបជុំទ្រង់ទ្រាយតូចជាមួយអ្នកដែលមិនទាន់បានទទួលវ៉ាក់សាំង និងមិនចាំបាច់ពាក់ម៉ាស់បាន។ ការលើកចោលបម្រាមនេះធ្វើឡើងស្របពេលដែលចំនួនអ្នកដែលទទួលវ៉ាក់សាំងនៅអាមេរិកចាប់ផ្តើមកើនឡើង។ ប៉ុន្តែពួកគេ ត្រូវអនុវត្តតាមការណែនាំឯទៀតផងដែរ។

បេីតាមការ​លើកឡើងរបស់លោកស្រី Rochelle Walensky នាយក CDC បានគូសបញ្ជាក់ថា​៖«អ្នកដែលទទួលវ៉ាក់សាំង និងមិនទាន់ទទួលបានវ៉ាក់សាំង ត្រូវបញ្ចៀសការជួបជុំទ្រង់ទ្រាយមធ្យម និងធំ ដែលរួមមានការធ្វើដំណើរមិនចាំបាច់ផងដែរ»។ លេីសពីនេះ​លោកស្រីនាយក CDC បន្តថា ប្រជាជនជាង៩០ភាគរយផ្សេងទៀត​ នៅមិនទាន់ទទួលបានវ៉ាក់សាំងពេញលេញនៅឡើយទេ។

ចំណែក​លោក Carlos del Rioព្រឹទ្ធបុរសនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រEmory School of Medicine ចំពោះការអនុញ្ញាតឱ្យមានការជួបជុំទ្រង់ទ្រាយតូច និងពុំចាំបាច់ពាក់ម៉ាស់នេះ លោក ចាត់ទុកថាជារឿងសមស្រប។ លោកថាដល់ពេលដែលរដ្ឋាភិបាលត្រូវប្រាប់ពលរដ្ឋឱ្យបានច្បាស់នូវអ្វីដែលអាចធ្វើបាន។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា​ អាមេរិកបន្តមានអ្នកឆ្លងចំនួន៦ម៉ឺននាក់ជារៀងរាល់ថ្ងៃ ខណៈមានមនុស្សជាង៥២៥,០០០នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩។ បន្ទាប់ពី​លោក ចូ បៃឌិន ដែលកាន់តំណែងប្រធានាធិបតីអាមេរិក តាំងពីថ្ងៃទី២០ មករាមក បានលើកទឹកចិត្តឱ្យពលរដ្ឋអាមេរិកចាប់ផ្តើមពាក់ម៉ាស់ ក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការស្បថចូលតំណែងរបស់លោក។

ដោយឡែក​វ៉ាក់សាំង ត្រូវបានពលរដ្ឋអាមេរិកចាត់ទុកជាសង្ឃឹមក្នុងការត្រឡប់ទៅកាន់ស្ថានភាពមុនកើតមានជំងឺកូវីដ-១៩វិញ។ ខណៈដែល​វិស័យពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ចសង្ឃឹមថា ពលរដ្ឋដែលទទួលបានវ៉ាក់សាំងអាចនឹងចាប់ផ្តើមធ្វើដំណើរ និងចំណាយប្រាក់ច្រើនជាងមុនសម្រាប់ការកំសាន្ត ឬចំណាយប្រាក់លើវិស័យទេសចរណ៍។

សូមជម្រាបថា​ បេីគិតត្រឹមពេលនេះ ប្រជាជនអាមេរិកប្រមាណ៣០លាននាក់ ឬ៩,២ភាគរយនៃប្រជាជនសរុប ទទួលបានវ៉ាក់សាំងចំនួន២ដូស។ ចំណែកប្រជាជនអាមេរិកប្រមាណ១៨%ឬ៥៨,៩លាននាក់ ទទួលបានវ៉ាក់សាំងចំនួន១ដូស។

គួរបញ្ជាក់ថា​ អាមេរិកប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer, Moderna, និងJohnson & Johnson ។ ខណៈដែលលោកចូ បៃឌិន ក៏បានដាក់ចេញផែនការធ្វើក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជនចំនួន១០០លាននាក់ ក្នុងរយៈពេល១០០ថ្ងៃដែរ៕ដោ​យ​៖ស​ តារា​

...

រូបថត​៖NewYork Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print