អន្តរជាតិ៖ ក្រោយរដ្ឋ Rajasthan នៅភាគពាយព្យនៃប្រទេសឥណ្ឌា ស្នើសុំវ៉ាក់សាំងកូវីដ–១៩បន្ថែម ស្របពេលកម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋចាប់ផ្ដើមមានសម្ទុះខ្លាំង។ រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានចេញមកបដិសេធថា៖” មិនមានការខ្វះខាតវ៉ាក់សាំងកូវីដ–១៩ក្នុងប្រទេសឡើយ“។ ជាក់ស្ដែងទីក្រុងញូវដែលី ក៏បានអះអាងដែរថា រដ្ឋាភិបាលកណ្ដាលកំពុងផ្គត់ផ្គង់វ៉ាក់សាំងទៅទូទាំងប្រទេស ដោយផ្អែកលើតម្រូវការ និងការប្រើប្រាស់របស់ប្រជាជន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា រដ្ឋ Rajasthan ដែលនៅភាគពាយព្យ នៅសប្តាហ៍នេះ បានក្លាយជារដ្ឋដំបូងគេក៏ប្រកាសរកវ៉ាក់សាំងដើម្បីបំពេញបន្ថែមតម្រូវការក្នុងរដ្ឋរបស់ខ្លួន។ ប៉ុន្ដែតម្រូវការវ៉ាក់សាំង បានកើនឡើងនៅឥណ្ឌា បន្ទាប់ពីការចាប់ផ្តើមយឺតយ៉ាវនៅដំណាក់កាលដំបូង ពេលដែលប្រជាជនហាក់នៅស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំង។
ឥណ្ឌាដែលជាប្រទេសផលិតឱសថដ៏ធំរបស់ពិភពលោក បេីគិតត្រឹមថ្ងៃទី៩ ខែមីនាម្សិលមិញនេះ បានផ្តល់វ៉ាក់សាំងចំនួន២៣លានដូសដល់ប្រជាជនខ្លួនប្រមាណ១៧លាននាក់មកហើយតាមរយៈកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេសដែលចាប់ផ្តើមតាំងពីពាក់កណ្តាលខែមករាមក។ឥណ្ឌា ក៏បានបរិច្ចាគ និងលក់វ៉ាក់សាំងទៅឱ្យប្រទេសដទៃទៀត ដែលធ្វើឱ្យមានការរិះគន់ខ្លះថា រដ្ឋាភិបាលមិនគិតគូរប្រជែងរបស់ខ្លួន។
បេីយោងតាមក្រសួងសុខាភិបាលឥណ្ឌា ក៏បានអះអាងដែរថា មិនមានការខ្វះខាតវ៉ាក់សាំងនៅក្នុងរដ្ឋ Rajasthan ឬកន្លែងផ្សេងទៀតនៅក្នុងប្រទេសឡើយ។ ក្រសួងបន្តថា រដ្ឋ Rajasthan មានប្រជាជនប្រហែល ៧០ លាននាក់ ហើយនៅរដ្ឋនេះមានសល់វ៉ាក់សាំងចំនួន ១,៤ លានដូសទៀតគិតត្រឹមយប់ថ្ងៃទី៩ ខែមីនា។
ជាមួយគ្នានេះក្រសួងសុខាភិបាលឥណ្ឌា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកណ្តាលកំពុងត្រួតពិនិត្យយ៉ាងទៀងទាត់ ការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងរដ្ឋទាំងអស់ និងដែនដីសហព័ន្ធនានា ដោយការផ្តល់វ៉ាក់សាំងគ្រប់ដូស ធ្វើតាមតម្រូវការ និងការប្រើប្រាស់របស់ប្រជាជន។
គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា តាមគម្រោងចង់ចាក់វ៉ាក់សាំងឲ្យប្រជាជនចំនួន៣០០លាននាក់ នៃប្រជាជនសរុបរបស់ខ្លួនទាំងជាង១,៣៥ពាន់លាននាក់នៅខែសីហា ក្នុងឆ្នាំ២០២១នេះ។ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងវ៉ាក់សាំងCovaxin ដែលផលិតក្នុងស្រុកដោយក្រុមហ៊ុន Bharat Biotech ៕ដោយ៖ស តារា
រូបថត៖AFP