ភ្នំពេញ, នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភា បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ស្ថិតនៅសាលប្រជុំពេញអង្គ វិមានព្រឹទ្ធសភា។
អង្គប្រជុំបានប្រព្រឹត្តទៅដោយមានរបៀបវារៈចំនួន ១ គឺ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីៈ«វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។
លោក ម៉ម ប៊ុននាង បានបញ្ជាក់អំពី លទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយលើកឡើងថា, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៣៩រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួនមួយគឺ ពិនិត្យ និងឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺ ឆ្លងនេះ ចំពោះវិស័យសង្គម -សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អនុលោមតាម ជំពូកទី៣ មាត្រា៣២ និងជំពូកទី៤ មាត្រា៥២ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា សេចក្តីព្រាងច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទទួលខុសត្រូវ ចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុង កាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៦ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រម ជាលើកដំបូងចំនួន ៨៣សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូលកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
លោម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៣៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ, សុខ ខេមរា