រដ្ឋបាលខេត្តស្ទឹងត្រែង សូមលេីកទឹកចិត្ត​ កោតសរសើរ​ និងផ្ដល់តម្លៃខ្ពស់ចំពោះឆន្ទៈ​ មនសិការ​ ការទទួលខុសត្រូវ​ការងារ​ និងការបំពេញកាតព្វកិច្ចជាម្ដាយប្រកបដោយភាពកក់ក្ដៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង, រដ្ឋបាលខេត្តសូមអរគុណ​យ៉ាងជ្រាលជ្រៅ​ លោកស្រី​អនុសេនីយ៍ទោ​ ស៊ីថុង​ សុខា​ អធិការ​រង​នគរបាល​ស្រុកសៀមប៉ាង។

នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្ដស្ទឹងត្រែង បានលើកឡើងថា, ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សខេត្តស្ទឹងត្រែង សូមប្រកាសធ្វើការកោតសរសើរ គាំទ្រ និងថ្លែងអំណរគុណនូវវីរៈភាពរបស់ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងនគរបាលស្រុកសៀមប៉ាង ដែលបានបង្ហាញយ៉ាងច្បាស់ និងជាគំរូល្អក្នុងការទទួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចជាមន្ត្រីនគបាលជាតិ ការបំពេញកាតព្វកិច្ច ជាម្តាយ ដ៏ល្អមានព្រហ្មវិហារធម៌ចំពោះការចិញ្ចឹមបីបាច់ថែរក្សាកូនប្រកបដោយភាពកក់ក្តៅ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹកនាំខេត្ត បានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ព្រមទាំងដោះស្រាយនូវរាល់បញ្ហាមួយចំនួនជុំវិញការបង្ហោះខ្លឹមសាររួមជាមួយនឹងរូបភាពក្នុងគណនីបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនរបស់អនុសេនីយ៍ទោ ស៊ីថុង សុខា ដែលមានឈ្មោះគណនី “Sokha Konkatlao” ដែលមិនត្រឹមតែឆ្លុះបញ្ចាំងនឹងការទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ច និង ភាពជាម្តាយប៉ុណ្ណោះទេ គឺថែមទាំងបានបង្ហាញអំពីឆន្ទៈ មនសិការ និងវីរៈភាពជាគំរូល្អរបស់មន្ត្រីរាជការ មន្ត្រីកងកម្លាំង ពិសេសមន្ត្រីរាជការជាស្ត្រី និងម្តាយគ្រប់រូបចំពោះការចិញ្ចឹមបីបាច់ថែទាំកូនៗ។ ឆ្លៀតឱកាសនេះ រដ្ឋបាលខេត្តស្ទឹងត្រែង សូមគោរពថ្លែងអំណរគុណ និងដឹងគុណបំផុតចំពោះ ក្រសួង ស្ថានប័នថ្នាក់ជាតិ អង្គការសង្គមស៊ីវិល សារព័ត៌មាន និងក្រុមអ្នកប្រើបណ្ដាញសង្គមទាំងអស់ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ បញ្ចេញទស្សនៈ គំនិត មតិរួមចំណែកលើកទឹកចិត្តចំពោះករណីនេះ។ ជាការពិតណាស់ចំពោះកិច្ចសន្យាដែលសរសេរដោយដៃរបស់អនុសេនីយ៍ទោ ស៊ីថុង សុខា ដូច បានធ្វើការបង្ហោះនិងបញ្ជូនតគ្នាច្រើនលើបណ្តាញសង្គម ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើដល់ស្នងការដ្ឋាននគរបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសៀមប៉ាង និងអធិការដ្ឋាន នគរបាលស្រុកសៀមប៉ាងពុំត្រូវចាត់ទុក និងយកកិច្ចសន្យានោះមកធ្វើការវាយតម្លៃភ្ជាប់នឹងការងារ របស់អនុសេនីយ៍ទោ ស៊ីថុង សុខា នោះឡើយ លើសពីនេះត្រូវខិតខំឲ្យអស់លទ្ធភាពក្នុងការលើកទឹកចិត្ត និងគាំទ្រការបំពេញតួនាទី ភារកិច្ចរបស់អនុសេនីយ៍ទោ ស៊ីថុង សុខា ឲ្យសម្រេចបានលទ្ធផល បន្ថែមទៀតក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនជាច្រើន។ រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការអំពាវនាវមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន មន្ត្រីរាជការគ្រប់ថ្នាក់ ប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង ចូលរួម កាន់តែសកម្ម មានប្រសិទ្ធភាពក្នុងសកម្មភាពការងារលើកកម្ពស់នារីប្រកបដោយសមភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសក្នុងការបំពេញភារកិច្ច កាតព្វកិច្ចជាម្តាយដឹងឲ្យនឹងការបំពេញការងារផង៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print