ភ្នំពេញ៖ បើយោងតាមលិខិតអនុញ្ញាតដែលទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន១១កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។
សូមបញ្ជាក់ថា, បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង១១នេះ ត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់ ខណ:ហានិភ័យនៃការឆ្លងជំងឺដ៏កាចសាហាវនេះ បាននឹងកំពុងវាយលុយចូលក្នុងសហគមន៍ ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា , ម្ចាស់ទីតាំងទាំងនោះត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់ទៀត ក្រោយពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់។
ដោយឡែក នៅព្រឹកថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦២នាក់ និងមានអ្នកជាសះស្បេីយចំនួន ២២នាក់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។
-ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ៖ ចំនួន ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើ ដំណើរមកពីប្រទេសថៃ)។
-ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ ចំនួន ៦០នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
-ករណីជាសះស្បើយ ៖សរុបចំនួន ២២នាក់ ក្នុងនោះ ករណីជាសះស្បើយ ៖ ចំនួន ០១នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ)។
-ករណីជាសះស្បើយ ៖ ចំនួន ២១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕
ដោយ, សិលា