វ៉ាក់សាំង AstraZeneca​ ត្រូវ​កូរ៉េខាងត្បូង អនុម័តឲ្យចាក់លើប្រជាជនចាប់ពីអាយុ៦៥ឆ្នាំឡើង

ចែករំលែក៖

អន្តរជាតិ​៖​ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១​ ត្រូវ​បានអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ​ ចាក់លើប្រជាជនរបស់ខ្លួនចាប់ពីអាយុ៦៥ឆ្នាំឡើង។ ស្របពេលទិន្នន័យពីប្រទេសនានាបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZenecaនេះ​ ក្នុងចំណោមមនុស្សវ័យចំណាស់។ ហេីយ​ចំពោះ​ការអនុម័តនេះ នឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap បាននិយាយថា​ ក្រោយការអនុញ្ញាតនេះ វ៉ាក់សាំងដែលអភិវឌ្ឍរួមគ្នាជាមួយសាកលវិទ្យា Oxford នឹងត្រូវចាក់លើមនុស្សពេញវ័យទាំងអស់ បុគ្គលិកសុខាភិបាល និងអ្នកជំងឺនៅតាមកន្លែងព្យាបាលរយៈពេលវែងផងដែរ។​ ប៉ុន្តែនៅថ្ងៃទី១១ ខែមីនា ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងកូរ៉េ (KCDA) ប្រកាសពីការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca លើមនុស្សវ័យ៦៥ឆ្នាំឡើង។

ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងកូរ៉េ (KCDA) អះអាងបន្តថា កង្វះទិន្នន័យលើប្រសិទ្ធិ ជាកត្តាសំខាន់ដែលកូរ៉េខាងត្បូងមិនទាន់ចាក់វ៉ាក់សាំងនេះលើមនុស្សចាស់។​ ជាក់ស្ដែង​កូរ៉េខាងត្បូង បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួននៅចុងខែកុម្ភៈកន្លងទៅ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង AstraZeneca ។ ខណៈវ៉ាក់សាំងរបស់ Pfizer ត្រូវបានចាក់លើមនុស្សចាស់ និងបុគ្គលិកសុខាភិបាល វ៉ាក់សាំងរបស់ AstraZeneca មិនត្រូវបានប្រើលើមនុស្សមានវ័យលើស៦៥ឆ្នាំឡើយ។

សូមជម្រាបថា​ ការអនុញ្ញាតរបស់កូរ៉េខាងត្បូង ធ្វើឡើងក្រោយទិន្នន័យពីប្រទេសជាច្រើនបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZeneca និង Pfizer ។ ទិន្នន័យជាក់ស្តែងពីចក្រភពអង់គ្លេស បានបង្ហាញថា វ៉ាក់សាំងរបស់ AstraZeneca និង Pfizer មានប្រសិទ្ធភាពជាង៨០ ភាគរយក្នុងការការពារការឆ្លង ជំងឺកូវីដ-១៩ លើមនុស្សចាស់ចាប់ពីអាយុ ៨០ ឆ្នាំបន្ទាប់ពីការចាក់ត្រឹមតែមួយដងប៉ុណ្ណោះ។

ការយល់ព្រមប្រើប្រាស់វ៉ាក់សាំង Astrazeneca លើមនុស្សវ័យចំណាស់នេះ នឹងជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូងដល់បុគ្គលិកថែទាំសុខភាពជាង៣៧ម៉ឺននាក់ និងអ្នកជំងឺដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅនៅតាមមណ្ឌលថែទាំសុខភាព និងកន្លែងស្តារនីតិសម្បទា។

គួរបញ្ជាក់ថា​ប្រជាជនកូរ៉េខាងត្បូង​ ប្រមាណ៥០ម៉ឺននាក់​ កាលពីថ្ងៃទី១០ ខែមីនាថ្មីៗនេះ បានទទួលការចាក់វ៉ាក់សាំងដំបូងបង្អស់របស់ AstraZeneca ឬ Pfizer រួចមកហើយ។ បន្ថែមពីនេះ​ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន៧លានដូសក្នុងដំណាក់កាលទី២ សម្រាប់មនុស្សប្រមាណ៣,៥លាននាក់ នឹងដឹកជញ្ជូនទៅដល់កូរ៉េខាងត្បូងនៅចន្លោះខែឧសភា និងដើមខែមិថុនាខាងមុខផងដែរ។

បច្ចុប្បន្ន​គិតត្រឹមថ្ងៃទី១១ ខែមីនា ម្សិលមិញនេះ​ កូរ៉េខាងត្បូង​នៅតែបន្តមានករណីឆ្លងកូវីដ-១៩ ថ្មីជាបន្តបន្ទាប់ដែលធ្វើឱ្យមានចំនួនវិជ្ជមានសរុបកើនដល់ជាង៩ម៉ឺនករណីជាមួយនឹងចំនួនអ្នកស្លាប់ជាង១ពាន់នាក់៕ ដោយ​៖ស​ តារា​

...

រូបថត៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print