កូរ៉េខាងត្បូង៖ នឹងផ្អាកការផ្លាស់ប្តូរលើវិស័យការពារជាតិ និងហាមឃាត់នាំចេញអាវុធទៅមីយ៉ាន់ម៉ា

ចែករំលែក៖

អន្តរជាតិ​៖​ ក្រសួងការបរទេសកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃទី១២ ខែមីនា​ ឆ្នាំ​២០២១ថា៖ ដើម្បីឆ្លើយតបរដ្ឋប្រហារយោធា និងការបង្រ្កាបយ៉ាងសាហាវឃោរឃៅលើបាតុករពីសំណាក់ក្រុមយោធា​មីយ៉ាន់ម៉ា​ ខ្លួន​នឹងផ្អាកការផ្លាស់ប្តូរលើវិស័យការពារជាតិ និងហាមឃាត់នាំចេញអាវុធទៅមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ​កូរ៉េខាងត្បូង ក៏នឹងអនុញ្ញាតឱ្យប្រជាជនមីយ៉ាន់ម៉ាប្រមាណ៣ម៉ឺននាក់បន្តស្នាក់នៅទឹកដីខ្លួនរហូតស្ថានការណ៍ក្នុងស្រុកធូរស្បើយផងដែរ។

ជាក់ស្ដែង​កូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែមីនា បានប្រកាសសម្រេចចិត្តចាត់វិធានការប្រឆាំងរបបយោធា​មីយ៉ាន់ម៉ា​ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងប្រទេសជាដៃគូលក់អាវុធឱ្យមីយ៉ាន់ម៉ាផ្សេងទៀត ដាក់ទណ្ឌកម្មលើរបបសឹកមីយ៉ាន់ម៉ា។

បើតាមទីភ្នាក់ងារព័ត៌មានYonhap ដែល​ដកស្រង់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសថា ទីក្រុងសេអ៊ូលនឹងផ្អាកការផ្លាស់ប្តូរទៅវិញទៅមកលើវិស័យការពារជាតិ និងហាមឃាត់នាំចេញអាវុធទៅប្រទេសអាស៊ីគ្នេយ៍មួយនេះ ថែមទៀត។ បន្ថែម​ពីនេះ​ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏សម្រេចរឹតត្បិតលើការនាំចេញឧបករណ៍យុទ្ធសាស្រ្តមួយចំនួន និងអនុញ្ញាតឱ្យជនជាតិមីយ៉ាន់ម៉ាបន្តស្នាក់នៅកូរ៉េខាងត្បូងផងដែរ រហូតដល់ស្ថានភាពមានភាពធូរស្បើយ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្ថែម​ទៀត​ថា​ ចំពោះ​ការសម្រេចចិត្តរបស់ខ្លួន ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងរដ្ឋាភិបាលទីក្រុងសេអ៊ូល ស្របពេលចំនួនអ្នករងគ្រោះនៅតែបន្តកើនឡើង ដោយសារតែការបង្រ្កាបរបស់ក្រុមកម្លាំងសន្តិសុខ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងពិចារណាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យមួយចំនួនជាមួយមីយ៉ាន់ម៉ាផងដែ។ ការបណ្ដុះបណ្ដាលយោធា និងប៉ូលីស នឹងត្រូវផ្អាកជំនួយទៅរដ្ឋាភិបាលនឹងត្រូវផ្អឹបទុកដូចគ្នា ប៉ុន្តែគម្រោងដែលជួយលើស្ទួយជីវភាពប្រជាជនមីយ៉ាន់ម៉ា និងជំនួយមនុស្សធម៌ ត្រូវរក្សាទុកនៅដដែល។

ដោយឡែក​បេីតាមទិន្នន័យអង្គការគំនិតផ្តួចផ្តើមតម្លាភាពជំនួយអន្តរជាតិ បានបញ្ជាក់ថា​ ការនាំចេញលើវិស័យការពារជាតិពីកូរ៉េខាងត្បូងទៅមីយ៉ាន់ម៉ាចុងក្រោយ គឺនៅឆ្នាំ២០១៩។ កូរ៉េខាងត្បូងបានចំណាយថវិកាជាច្រើនលានដុល្លារលើគម្រោងអភិវឌ្ឍន៍នៅមីយ៉ាន់ម៉ាផងដែរ។

គួររម្លឹកដែរថា​ថា អាមេរិក កន្លងមកក៏បានហាមឃាត់នាំចេញលើប្រភេទអាវុធជាក់លាក់មួយចំនួន ទៅប្រទេសមីយ៉ាន់ម៉ាផងដែរ ខណៈដែល​ប្រទេសនូវែលសេឡង់ បានផ្អាកទស្សនកិច្ចកម្រិតខ្ពស់ជាមួយរបបសឹកទៀតផង៕ដោយ​៖ស​ តារា​

រូបភាព​៖​ សកម្មជនកូរ៉េខាងត្បូងតវ៉ាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

រូបថត៖ AFP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print