ខេត្តកណ្តាលៈ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា,មានប្អូនស្រីម្នាក់ឈ្មោះ សឿន ស្រីនិត រស់នៅខេត្តកណ្តាលមានរឿងអយុត្តិធម៍ពាក់ព័ន្ធនឹងយកគ្រឿងផ្លាទីនទៅបញ្ចាំនៅកន្លែងលក់និងទទួលបញ្ចាំមួយកន្លែងកាលពីឆ្នាំ២០១៧ ចំនួន២លើក លើកទី១ចំនួន $2,500 បន្ទាប់មកលើកទី២បានយករបស់ទៅបញ្ចាំថែមទៀតចំនួន $1,000។
ប្អូនស្រី សឿន ស្រីនិត បានបញ្ជាក់ថា, ម្ចាស់ហាងទទួលបញ្ចាំបានពិនិត្យនិងដុសមើលទឹកផ្លាទីនត្រឹមត្រូវទាំង២លើកមុននឹងប្រគល់ប្រាក់អោយប្អូន។ ដោយសារប្អូនស្រីគ្មានលុយទៅលួសយករបស់ទាំងនោះមកវិញក៏ដាច់ទៅ។
រយៈពេល២ឆ្នាំក្រោយមក ម្ចាស់ហាងបញ្ចាំបានមកដល់ផ្ទះប្អូនស្រីហើយនិយាយគំរាមអោយប្អូនទៅលួសយករបស់ទាំងនោះមកវិញ បើមិនដូច្នោះទេគាត់នឹងប្ដឹងប្អូនស្រីឡើងតុលាការ ដែលបានធ្វើអោយប្អូន សឿន ស្រីនិត ភ័យព្រួយយ៉ាងខ្លាំង។
បន្ទាប់មកម្ចាស់ហាងក៏បានប្ដឹងប្អូនស្រី សឿន ស្រីនិត ពិតប្រាកដមែន ពីបទរំលោភលើទំនុកចិត្ត ដែលតុលាការសាលាដំបូងខេត្តកណ្តាលបានកាត់ក្តីអោយប្អូនស្រីចាញ់ និងសងជាលុយសរុប $8,500 និងជាប់ទោស១ឆ្នាំ, និងអោយសងប្រាក់ជំងឺចិត្ត $3,500 ថែមទៀត។ ប្អូនស្រីភ័យផងនិងតូចចិត្តផងចំពោះម្ចាស់ហាងបញ្ចាំដែលបានប្តឹងប្អូនស្រីហើយទទួលបានលទ្ធផលបែបនេះ។
ដោយមិនអាចទ្រាំនឹងភាពអយុត្តិធម៍បាន ប្អូនស្រីក៏បានប្តឹងទៅសាលាឧទ្ធរណ៍ភ្នំពេញ។ ទន្ទឹមនឹងនោះ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២០ ប្អូនស្រី សឿន ស្រីនិត ក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីសុំយុត្តិធម៍ផងដែរ។
នៅសាលាឧទ្ធរណ៍ ប្អូនស្រីបានបញ្ជាក់ច្បាស់ជូនតុលាការថា គ្រឿងអលង្ការដែលប្អូនបានយកទៅបញ្ចាំ គឺម្ចាស់ហាងបញ្ចាំបានត្រួតពិនិត្យល្អិតល្អន់ដោយបានដុសមើលទឹកផ្លាទីនច្បាស់លាស់ត្រឹមត្រូវពិតប្រាកដមុននឹងអោយប្រាក់មកប្អូនស្រី។ ម្ចាស់ហាងទទួលបញ្ចាំ គឺជាអ្នករកស៊ីផ្នែកបញ្ចាំដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ជាពិសេសលើគ្រឿងអលង្ការ។ ទន្ទឹមនឹងនេះដែរ បើម្ចាស់ហាងបញ្ចាំបានពិនិត្យឃើញថាគ្រឿងផ្លាទីនេះមិនសុទ្ធគួរចាត់ការអោយបានឆាប់ទាន់ពេលវេលា មិនត្រូវទុករយៈពេល២ឆ្នាំក្រោយមកទើបមកប្តឹងទាមទារថារបស់ដែលបានដាក់បញ្ចាំមិនសុទ្ធនោះទេ ព្រោះយើងមិនដឹងថាតើមានអ្វីកើតឡើងចំពោះគ្រឿងអលង្ការទាំងនេះក្នុងរយៈពេល២ឆ្នាំដែលស្ថិតនៅក្នុងដៃម្ចាស់ហាងបញ្ចាំនោះ។
ក្រោយពីបានស្តាប់ការពន្យល់បកស្រាយរបស់ប្អូនស្រី និងភាគីម្ចាស់ហាងបញ្ចាំអស់ហើយ សាលាឧទ្ធណ៍ភ្នំពេញបានប្រកាសសាលដីកាដោយបានសម្រេចអោយប្អូនស្រី សឿន ស្រីនិត ឈ្នះក្ដីរឿងនេះកាលពីថ្ងៃទី៤ ខែ មីនា ២០២១ កន្លងទៅនេះ។ តាមពិតទៅរឿងក្តីរាំរ៉ៃនេះគឺមានរយៈ៤ឆ្នាំមកហើយ (២០១៧-២០២១)។ ប្រសិនបើភាគីម្ចាស់ហាងបញ្ចាំមិនបន្តប្តឹងឡើងតុលាការកំពូលនោះរឿងក្តីដ៏រាំរ៉ៃនេះនឹងបញ្ចប់នៅពេលនេះ។
លោកដួង តារា បន្តថា, ខ្ញុំសូមអរគុណដល់សាលាឧទ្ធរណ៍ដែលបានផ្តល់យុត្តិធម៍ជូនប្អូនស្រី សឿន ស្រីនិត។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ, សិលា