ភ្នំពេញ៖ កន្លងទៅទឹកសណ្តែក Yeo’s ធ្វើឲ្យមជ្ឈដ្ឋានអតិថិជន ពិសេសអ្នកនិយមទទួលទាន បានខកចិត្ត និងមានមន្ទិលសង្ស័យព្រួយបារម្ភខ្លាចប៉ះពាល់ទៅនឹងសុខភាព ខណៈមានរូបភាព ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមថា ទឹកសណ្តែក Yeo’s មានជាតិកករល្អក់ និងធុំក្លិនស្អុយ ពេលដែលគេចាក់ចេញពីកំប៉ុង និងមានកករល្អក់ខ្មៅៗ ។ ករណីនេះ តំណាងក្រុមហ៊ុននៅប្រទេសកម្ពុជា ក៏បានឆ្លើយតបភ្លាមៗផងដែរ មកកាន់មជ្ឈមណ្ឌលព័ត៌មាននគរវត្តដោយអះអាងថា ក្រុមហ៊ុនទឹកសណ្តែក Yeo’s មានប្រភពនៅប្រទេសសិង្ហបុរី ផលិតប្រកបដោយស្តង់ដារ និងគុណភាព ។ ក្នុងនោះ ខាងក្រុមហ៊ុនបានព្យាយាមសហការជាមួយនឹងអ្នកដែលអាចផ្តល់ព័ត៌មានជុំវិញបាតុភាពទាំងនេះ ដើម្បីជាប្រយោជន៍ ការពារកុំឲ្យអតិថិជនយល់ច្រឡំ ។
ថ្មីៗនេះ រឿងរ៉ាវដដែលៗ បានចាប់ផ្តើមកើតមានទៀត ខណៈដែលម្ចាស់គណនីឈ្មោះ Va Panha បានបង្ហាញនូវកំប៉ុងទឹកសណ្តែក Yeo’s ជាមួយនឹងរូបភាពកកដុំៗ គួរឲ្យខ្លាច និងមិនត្រូវបរិភោគ ។ ដោយគាត់បានលើកឡើងថា ទឹកសណ្តែក Yeo’s កូនផឹកមិនអស់ ទុក៥ទៅ៦ថ្ងៃ យកទៅចាក់ចោល ចាក់មិនចេញ ពេលវះមើលឃើញចឹង មិនដឹងស្អីគេនៅក្នុងកំប៉ុង ។ បុគ្គលរូបនេះបានសំណូមពរឲ្យជំនាញជួយពិនិត្យ ។
ភេសជ្ជៈមួយចំនួននៅក្នុងស្រុក រួមជាមួយទឹកសណ្តែក Yeo’s នេះផងដែរ កំពុងត្រូវបានអតិថិជននិយមចូលចិត្ត មានការព្រួយបារម្ភខ្លាចប៉ះពាល់សុខភាព ប្រសិនបើស្តង់ដារពិនិត្យគុណភាព ក៏ដូចជាមានឈ្មួញរកស៊ីមិនស្មោះត្រង់បន្លំនាំចូល ឬផលិតក្លែងក្លាយ អាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់បំផុត ។
ពាក់ព័ន្ធករណីខាងលើនេះ មិនអាចទាក់ទងបានទេពីខាងតំណាងក្រុមហ៊ុនទឹកសណ្តែក Yeo’s ថាតើ សកម្មភាពទាំងអស់នេះ ធ្លាប់ជាការពិត ឬមានអ្នកបង្ខូចកេរ្តិ៍ឈ្មោះដល់ខាងទឹកសណ្តែក Yeo’s ដោយគ្មានលេខទូរស័ព្ទ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ៕
ដោយ៖ សុខ ខេមរា